អ្នកគាំទ្រខកបំណង ក្រោយការប្រគំតន្ត្រីចំនួន ៣ របស់ Taylor Swift នៅអូទ្រីសលុបចោលភ្លាមៗ ព្រោះមានជនគម្រោងបង្កភេរវកម្ម
អ្នករៀបចំកម្មវិធីប្រគំតន្ត្រីរបស់តារាចម្រៀង Taylor Swift បានលុបចោលការសម្តែងចំនួន ៣ របស់នាងនៅក្នុងប្រទេសអូទ្រីស បន្ទាប់ពីអាជ្ញាធរបានចាប់ខ្លួនជនសង្ស័យពីរនាក់ពីបទរៀបចំផែនការវាយប្រហារភេរវកម្ម ស្របចំអំឡុងព្រឹត្តិការណ៍ប្រគំតន្ត្រីទេសចរណ៍ The Eras Tour របស់ Taylor Swift ជិតនឹងកើតឡើង។
ជាក់ស្តែង បើតាមគម្រោងក្នុងអាទិត្យនេះ Taylor Swift នាងនឹងត្រូវសម្តែងចំនួន ៣ លើកនៅបណ្តាទីក្រុងអឺរ៉ុប ចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍ ។ យ៉ាងណា ដើម្បីសុវត្ថិភាពទាំងនាង និង អ្នកគាំទ្រ ការប្រគំតន្ត្រីរបស់នាងទាំង ៣ ត្រូវបង្ខំលុបចោលយ៉ាងទាន់ហន់។ នេះបើយោងតាម Barracuda Music ដែលជាអ្នកផ្សព្វផ្សាយការប្រគំតន្ត្រីរបស់ Taylor Swift នៅប្រទេសអូទ្រីស។
ខាង Barracuda Music បាននិយាយកាលពីថ្ងៃពុធ នៅលើបណ្តាញសង្គមដែរថា ៖ «ជាមួយការបញ្ជាក់ពីមន្ត្រីរដ្ឋាភិបាល ចំពោះការវាយប្រហាររបស់ភេរវករដែលបានគ្រោងទុកនៅកីឡដ្ឋាន Ernst Happel យើងគ្មានជម្រើសអ្វីក្រៅពីការលុបចោលកម្មវិធីដែលបានគ្រោងទុកចំនួន ៣ ដើម្បីសុវត្ថិភាពរបស់អ្នកគ្រប់គ្នានោះទេ»។ អាជ្ញាធរបានបញ្ជាក់ថា ជនសង្ស័យជាមនុស្សប្រុសពីរនាក់ ក្នុងនោះមានម្នាក់អាយុ ១៩ ឆ្នាំត្រូវបានចាប់ខ្លួននៅទីក្រុង Ternitz ភាគខាងត្បូងទីក្រុង Vienna និង ជនទីពីរនៅក្នុងរដ្ឋធានីអូទ្រីស។
ខណៈអ្នកគាំទ្រកំពុងខកបំណងខ្លាំង ខាង Barracuda Music បាននិយាយថា សំបុត្រទាំងអស់សម្រាប់កម្មវិធីដែលបានលុបចោល នឹងត្រូវបានសងវិញដោយស្វ័យប្រវត្តក្នុងរយៈពេល ១០ ថ្ងៃបន្ទាប់៕
ប្រភព៖ CNN