ភ្ញាក់ផ្អើល! តារាសម្តែងថៃល្បី លោក Aom Akkaphan បានទទួលមរណភាពក្នុងអាយុ ៣៩ ឆ្នាំ ដោយសារជំងឺមហារីក
ខណៈនេះនៅក្នុងសង្គមសិល្បៈថៃ កំពុងមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីទទួលដំណឹងថា លោក Aom Akkaphan តារាសម្ដែងដ៏ល្បីប្រចាំប៉ុស្ដិ៍លេខ ៧ បានទទួលមរណភាពកាលពីពេលថ្មីៗនេះ ក្រោយធ្លាក់ខ្លួនឈឺអស់រយៈពេលជាយូរជាមួយនឹងជំងឺមហារីក។
ដំណឹងមរណភាពរបស់តារាសម្តែងប្រុស Aom Akkaphan ត្រូវបានទំព័រ Facebook ផ្លូវការរបស់ប៉ុស្តិ៍លេខ ៧ ថៃ បានបង្ហោះឱ្យដឹងនៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ដោយខាងប៉ុស្តិ៍លេខ ៧ ថៃ បានធ្វើការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំមួយ។
ស្ថានីយប៉ុស្ដិ៍លេខ ៧ បានបញ្ជាក់ថា លោក Aom Akkaphan បានទទួលមរណភាពក្នុងអាយុ ៣៩ ឆ្នាំ ហើយពេលនេះមានមនុស្សជាច្រើនបានចូលរួមសោកស្តាយចំពោះការចាកចេញរបស់ Aom ជាមួយនឹងការចូលរួមរំលែកទុក្ខពីក្រុមគ្រួសារតារាសម្តែង Aom ផងដែរ។
គួរឱ្យដឹងដែរថា កាលពីខែតុលា ឆ្នាំ ២០២២ កន្លងទៅ Aom ត្រូវបានគេដឹងថាមានជំងឺមហារីកសាច់ដុំបេះដូង និង បានសម្រាកព្យាបាលមួយរយៈ។ Aom បានទទួលការព្យាបាលដោយគីមីចំនួន ៥ ដង ហើយនៅដើមឆ្នាំ ២០២៣ Aom បានវះកាត់ម្តងទៀត។ រហូតមកដល់ពេលថ្មីៗនេះ ស្ថានភាពរបស់ Aom ហាក់បានធូរស្រាលខ្លះ ហើយមកដល់ខែសីហា ឆ្នាំ ២០២៣ Aom ក៏បានធ្វើដំណើរទៅធ្វើបុណ្យ និង ចែកអាហារនៅសាលា Ban Koh Tao។
យ៉ាងណាមិញ បន្ទាប់ពី Aom ធ្លាក់ខ្លួនឈឺដោយជំងឺមហារីក Aom ស្ទើរតែមិនបានបង្ហាញមុខក្នុងការសម្តែងឡើយក្នុងរយៈពេលប្រមាណ ៣ ឆ្នាំមកនេះ រហូតមកដល់សព្វថ្ងៃទល់នឹងពេលដែល Aom Akkaphan ត្រូវបានប្រកាសថាទទួលមរណភាព៕