មកដឹងតួអក្សរខ្មែរ ២ ផ្ទាំងចារនៅ សាលាយុត្តិធម៌ ដែលមហាជនមួយចំនួនកំពុងវែកញែកមិនដាច់លើហ្វេសប៊ុក
ថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បាននាំគ្នាផ្ទុះការជជែកវែកញែកព្រោងព្រាតមួយទៅលើរចនាប័ទ្មអក្សរខ្មែរចំនួន ២ ផ្ទាំង ដែលបានសាងសង់ឡើងនៅក្នុងទីតាំងសាលាដំបូងរាជធានីភ្នំពេញ។
ទាក់ទិនទៅនឹងតួអក្សរខ្មែរ ដែលកំពុងតែផ្ទុះការចាប់អារម្មណ៍នេះ គេសង្កេតឃើញមានមតិសាធារណេជនមួយចំនួនបានបញ្ចេញយោបល់ថាមើលទៅពិបាកអាន និង មានតួអក្សរខ្លះសរសេរមិនត្រឹមត្រូវ ជាដើម។ យ៉ាងណាមិញ បើពិនិត្យតាមរយៈផេក បុរាណាចារ្យ ក៏បានវែកញែកបញ្ជាក់ពីអក្សរខាងលើនេះដែរថា អក្សរទាំងនេះមិនមែនគេធ្វើមិនត្រូវតាមក្បួនខ្នាតនោះទេ ប៉ុន្តែនេះជាទម្រង់អក្សរខ្មែរមួយ ដោយគេបានរក្សាតាមចារឹកដើម ដែលចារនៅរជ្ជកាល ព្រះបាទ ស៊ី សុវត្ថិ នៅលើអគារចាស់នៃសាលាដំបូងរាជធានីភ្នំពេញ។
ទន្ទឹមគ្នានេះដែរ ហ្វេសប៊ុកផេក បុរាណាចារ្យ ក៏បានបន្តឱ្យដឹងថា នេះជាទម្រង់អក្សរខ្មែរនៅចុងសម័យឧត្តុង្គ និង បន្តដល់សម័យអាណានិគមបារាំងសេស ហើយអក្សរទាំងនេះមានតម្លៃស្មើគ្នានឹងសិលាចារឹកនានាតាមប្រាសាទដែរ៕