Georgina Rodriguez បានកែប្រែវាសនារបស់ខ្លួន ពីបុគ្គលិកលក់ទំនិញ រកចំណូលជាង ២០០ ដុល្លារក្នុងមួយសប្ដាហ៍ ក្លាយខ្លួនជាតារាម៉ូដែលដ៏លេចធ្លោមួយរូប មានទ្រព្យសម្បត្តិហូរហៀរ ចាប់តាំងពីរូបនាងបានជួបជាមួយនឹងកីឡាករបាល់ទាត់ដ៏ល្បី Christiano Ronaldo មក ។
តារាម៉ូដែល Rodriguez បានកើត និងធំធាត់ក្នុងទីក្រុងតូចមួយនៅប្រទេសអេស្ប៉ាញ ។ តាំងពីធំដឹងក្ដីមក Rodriguez គឺតែងតែចាប់អារម្មណ៍ចូលចិត្តខ្លាំងទៅលើផលិតផលប្រណីតល្បីៗ ហើយក៏បានសម្រេចបំណងក្លាយជាអ្នកលក់ផលិតផលនៃក្រុមហ៊ុន Gucci ។ មុនពេលបានចូលធ្វើការ គូស្នេហ៍ Ronaldo រូបនេះ បានទៅរៀនភាសាអង់គ្លេស ដោយចំណាយពេលធ្វើជាអ្នកមើលថែក្មេងនៅប្រទេសអង់គ្លេស ដើម្បីបានចេះភាសាអន្តរជាតិនេះ មុនពេលវិលត្រឡប់មកប្រទេសកំណើតវិញ (អេស្ប៉ាញ) ដើម្បីចូលធ្វើការ ។
អំឡុងពេលជាបុគ្គលិកលក់នៅហាង Gucci នោះហើយ ដែលជាពេលស្នេហាដំបូង ឃើញភ្លាមស្រឡាញ់ភ្លែតរបស់នាងកើតមានឡើង ។ Rodriguez បានជួប Ronaldo ដំបូងក្នុងកម្មវិធីបង្ហាញម៉ូដរបស់ Dolce & Gabbana ហើយពួកគេក៏មាននិស្ស័យជួបគ្នាម្ដងទៀត នៅកម្មវិធីមួយផ្សេងទៀត ដែលពេលនោះហើយ ពួកគេចាប់ផ្ដើមនិយាយសាសងគ្នា រៀងស្និទ្ធស្នាលជាងមុន ។
ក្រោយមក តារាល្បីទាំង ២ រូបនេះ ក៏បានចាប់ផ្ដើមទាក់ទងស្នេហាគ្នាជាសាធារណៈនៅក្នុងឆ្នាំ ២០១៦ ។ ប្រកាសទំនាក់ទំនងមិនយូរប៉ុន្មាន ដោយសារតែនាង Rodriguez បានក្លាយជាទីចាប់អារម្មណ៍របស់មហាជន និងអ្នកគាំទ្រវិស័យបាល់ទាត់ជាច្រើន ដែលតម្រូវឱ្យរូបនាង ត្រូវចាកចេញពីការងារជាបុគ្គលិកលក់ក្នុងហាងដ៏ល្បីនោះទៅ ។
ជាមនុស្សស្រីឯករាជ្យតាំងពីដើមមក Rodriguez នៅតែតស៊ូខិតខំរកប្រាក់ដោយខ្លួនឯង បើទោះបីជាមិត្តប្រុសរបស់នាង មានទ្រព្យច្រើនយ៉ាងណាក៏ដោយ ។ ក្រោយពីលាឈប់ពីការងារនៅ Gucci មិត្តស្រីកីឡាករបាល់ទាត់ល្បីរូបនេះ ក៏បានចាប់យកអាជីពជាតារាម៉ូដែល និងជាតារាតាមបណ្ដាញសង្គមដ៏មានកេរ្តិ៍ឈ្មោះមួយរូប ។ មកទល់បច្ចុប្បន្ននេះ ទ្រព្យសម្បត្តិរបស់នាងមានសរុបទាំងអស់គឺប្រមាណ ១០ លានដុល្លារ៕
ប្រភព៖ Sportbible