ខាត់ សុឃីម ដាក់ចំៗឱ្យកូនប្រុសបងថាចរិតខ្មឺត តែសំណាងខ្លួនបានប្ដីល្អ ចេះប្រដៅកូនដើរតាមគន្លងធម៌
ជីវិតគ្រួសាររបស់សិល្បការិនីពហុជំនាញ អ្នកនាង ខាត់ សុឃីម និង លោក អ៊ិន សុបញ្ញា បច្ចុប្បន្នកំពុងត្រូវបានសិល្បករជំនាន់ក្រោយ ក៏ដូចជាមហាជនជាច្រើន លើកសរសើរ និង ចាត់ទុកជាគ្រួសារអ្នកសិល្បៈមួយពោរពេញដោយសុភមង្គល ការរស់នៅចេះយោគយល់អាធ្យាស្រ័យគ្នាខ្ពស់ កម្រយកបញ្ហានៅក្នុងរង្វង់គ្រួសារ មកបង្ហោះចែកចាយលើបណ្ដាញសង្គមណាស់។
គិតមកដល់ពេលនេះ រយៈពេលជាង ១០ ឆ្នាំហើយ ដែលអ្នកនាង ខាត់ សុឃីម និង ស្វាមី បានរៀបការក្លាយជាប្ដីប្រពន្ធតាមប្រពៃណី ដោយទទួលបានចំណងដៃកូនស្រីដ៏ឃ្យូដ និង គួរឱ្យស្រឡាញ់ម្នាក់។ ដូចប្រិយមិត្តអ្នកតាមដានជីវិតឯកជនអ្នកនាង ខាត់ សុឃីម ភាគច្រើនបានជ្រាបហើយថា មុនរៀបការជាមួយលោក អ៊ិន សុបញ្ញា តារាស្រីរូបនេះ ធ្លាប់មានកូនប្រុសម្នាក់រួចមកហើយឈ្មោះថា ស្កាយ ហើយពេលនេះ កូនច្បងរបស់តារាស្រីរូបនេះ ក៏ធំពេញរូបពេញរាង ទើបប្រឡងបាក់ឌុបជាប់កាលពីឆ្នាំ ២០២៣។
បើនិយាយដល់កូនប្រុសច្បងដ៏ស្រស់សង្ហារបស់អ្នកនាង ខាត់ សុឃីម កន្លងមក ក៏មានអ្នកគាំទ្រនារីជាច្រើនចង់ធ្វើជាកូនប្រសារបស់អ្នកនាងដែរ ព្រោះរូបរាង និង មុខមាត់របស់កំលោះ ស្កាយ មានមន្តស្នេហ៍ សង្ហាគួរឱ្យស្រឡាញ់។ ស្រាប់តែថ្មីៗនេះ អ្នកនាង ខាត់ សុឃីម បង្ហោះសារលើហ្វេសប៊ុក ប្រាប់ពីចរិតកូនប្រុសច្បងថា រូបគេអាចនឹងខ្មឺតបន្តិចហើយ។
ទន្ទឹមនឹងការលេងសើចបង្អាប់កូនប្រុសនេះដែរ សិល្បការិនីពហុជំនាញរូបនេះ ឆ្លៀតសរសើរពីស្វាមីបណ្ដូលចិត្តបានបំពេញតួនាទីជាឪពុកយ៉ាងល្អថា ៖ «ហ៊ាននិយាយថា កូនប្រុសខ្ញុំជាក្មេងម្នាក់ ក្រអឺត (ខ្មឺត) តែសំណាងបានឪពុកល្អ ចេះប្រៀនប្រដៅកូនឱ្យក្លាយជាក្មេងល្អ ចេះគោរពចាស់ទុំ និង ស្តាប់បង្គាប់»៕