កំពូលភ្នំ Fansipan នៅ Sapa ប្រទេសវៀតណាម ចាប់ផ្ដើមធ្លាក់ព្រិលហើយនៅព្រឹកនេះ ក្នុងសីតុណ្ហភាព ២ អង្សាសេ
កំពូលភ្នំ Fansipan ដែលមានកម្ពស់រហូតដល់ ៣១៤៣ ម៉ែត្រ បានធ្លាក់ព្រិលតិចតួចជាលើកដំបូងក្នុងរដូវរងាឆ្នាំ ២០២៤ នេះ ជាមួយសីតុណ្ហភាពធ្លាក់ចុះមកត្រឹម ២ អង្សាសេ។
នៅវេលាម៉ោងប្រមាណ ៥ ព្រឹកព្រលឹមថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ នៅកំពូលភ្នំ Fansipan មានព្រិលធ្លាក់ជាលើកដំបូងក្នុងឆ្នាំ ២០២៤។ យ៉ាងណាមិញ រយៈពេលប្រមាណ ៣០ នាទីក្រោយមក ពេលថ្ងៃចាប់រះព្រិលទាំងនោះក៏រលាយវិញអស់ទៅ។
បើទោះជាមិនទាន់មានព្រិលធ្លាក់ច្រើនមែន ប៉ុន្តែនៅព្រឹកនេះ ក្រុង Sapa ខេត្ត Lao Cai ក្រុង Mau Son ខេត្ត Lang Son ក៏នៅតែចុះត្រជាក់ខ្លាំងដែរជាមួយសីតុណ្ហភាព ១០ អង្សាសេ។
នៅប៉ុន្មានថ្ងៃបន្ទាប់ ភាគខាងជើងប្រទេសវៀតណាមត្រូវបានព្យាករណ៍ថានឹងបន្តចុះត្រជាក់ជាងនេះទៀត៕
ប្រភព៖ VNEXPRESS