តាវ មីងសឺ អាយុជិត ៥០ ឆ្នាំហើយ នៅរក្សាភាពកំលោះ មិនខ្វល់ខ្វាយរឿងរៀបការប្រពន្ធសោះ
តារាសម្ដែងតៃវ៉ាន់ជើងចាស់ Jerry Yan កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រពាសពេញបណ្ដាញសង្គម ក្រោយកម្រងរូបភាពប៉ុន្មានសន្លឹករបស់លោកដែលកំពុងថតកម្មវិធីអ្វីមួយ ត្រូវបានបង្ហោះចែកចាយនោះ។
តាមរយៈរូបភាពទាំងនោះ Jerry ត្រូវបានមហាជនអ្នកគាំទ្រចាប់អារម្មណ៍ថា បានស្ថិតក្នុងឈុតសម្លៀកបំពាក់ ស្រដៀងគ្នាខ្លាំងទៅនឹងឈុតដែលលោកស្លៀកអំឡុងពេលដើរជាតួអង្គ «តាវ មីងសឺ» ក្នុងរឿង F4 នោះ។
ស្របពេលនឹងរូបភាពផ្ទុះការចែកចាយបន្តគ្នាពាសពេញបណ្ដាញសង្គម អ្នកគាំទ្ររបស់តារាប្រុសវ័យ ៤៥ ឆ្នាំរូបនេះជាច្រើន បាននាំគ្នាអួតសរសើរពីរូបសម្រស់ដ៏ស្រស់សង្ហារបស់លោក ដែលទោះបីជារំលងទៅ ២១ ឆ្នាំហើយក្ដី តែស្ថិតក្នុងឈុតដូចគ្នានេះ Jerry គឺនៅតែក្មេងជាងវ័យដដែល មិនប្រែប្រួលរូបសម្រស់រូបរាងទៅតាមវ័យនោះឡើយ៕