J Jetrin និង Pin កំពុងផ្ទុះរឿងលែងលះ ងាកទៅកូនប្រុស បែរកៀកកិតនឹងសង្សារផ្អែមដូចទឹកឃ្មុំ
មួយរយៈចុងក្រោយនេះ មិនថាតារាប្រុស J Jetrin Wattanasin និង តារាសម្ដែងស្រី Pin Kejmanee ទេ គ្រាន់តែពួកគេបញ្ចេញសកម្មភាពបន្តិចលើបណ្ដាញសង្គម សុទ្ធសឹងត្រូវបានមហាជនមានការចាប់អារម្មណ៍ទាំងអស់ ដោយហេតុអ្នកទាំងពីរកំពុងផ្ទុះព័ត៌មានលែងលះគ្នាស្ងាត់ៗ ហើយពុំទាន់មានការបកស្រាយឱ្យបានច្បាស់លាស់នៅឡើយ។
កន្លងមកមានសារព័ត៌មានថៃជាច្រើនបានចេញមកទម្លាយថា តារាស្រីប្រុសគូនេះបានបញ្ចប់សម្ព័ន្ធភាពជាប្តីប្រពន្ធនឹងគ្នាបាត់ទៅហើយ តែលោក J Jetrin និង Pin ហាក់មិនហ៊ានចេញមុខបកស្រាយឡើយ ដោយខ្លាចប៉ះពាល់ដល់អារម្មណ៍កូនប្រុសទាំង ៣ របស់ខ្លួន។
យ៉ាងណាមិញ សម្រាប់ចំណងស្នេហ៍របស់លោក J Jetrin និង Pin គឺត្រូវបានមហាជនសន្និដ្ឋានថាមានការប្រេះគ្នាទៅហើយ តែបើក្រឡេកទៅមើល Jaonaay ដែលជាកូនរបស់លោក J Jetrin និង Pin វិញ កំពុងតែស្រឡាញ់គ្នាល្អូកល្អិនជាមួយគូសង្សារខ្លាំងណាស់។ ជារឿយៗ នៅលើបណ្ដាញសង្គម IG គូស្នេហ៍ថ្មីថ្មោងគូនេះតែងបង្ហាញសកម្មភាពកៀកកិតគ្នា ប្រកដដោយទឹកមុខញញឹមរីករាយហាក់មានសេចក្តីសុខជាខ្លាំង៕