មិនធ្លាប់មានអស់ ១៦ ឆ្នាំហើយ ពេលនេះលុយបាតថៃធ្លាក់ថ្លៃខ្លាំង ១ ដុល្លារ ដូរបានប៉ុណ្ណេះ!
នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២ នេះ មន្ត្រីសេដ្ឋកិច្ច និង ហិរញ្ញវត្ថុថៃបានប្រកាសដំណឹងស្ដីពីតម្លៃនៃរូបិយបណ្ណថៃបាតឱ្យដឹងថា លុយបាតនៅលើទីផ្សារសព្វថ្ងៃកំពុងតែបន្តធ្លាក់ចុះជាលំដាប់ ដែលកាលធ្លាក់ចុះនេះគឺមិនធ្លាប់មានពីមុនមកឡើយក្នុងរយៈពេល ១៦ ឆ្នាំមកនេះ។
ការធ្លាក់ថ្លៃនៃតម្លៃលុយបាតនេះ បង្កឱ្យមានការព្រួយបារម្ភជាខ្លាំងដល់សេដ្ឋកិច្ចថៃ ដោយមូលហេតុគឺតម្លៃប្រាក់ដុល្លារចេះតែបន្ដកើនឡើងជាលំដាប់ ដោយបច្ចុប្បន្ននេះ ១ ដុល្លារ ស្មើប្រមាណជាង ៣៨ បាតថៃ ខណៈពេលដែលជាង ២ សប្តាហ៍មុន ១ ដុល្លារអាចប្ដូរបានតែជាង ៣៦ បាតតែប៉ុណ្ណោះ។
យ៉ាងណាមិញ បើទោះបីជាលុយថៃធ្លាក់ថ្លៃក៏ពិតមែន តែមន្ត្រីពាក់ព័ន្ធថៃកំពុងជួបពិភាក្សា ដោយបង្វែរគោលដៅនេះដើម្បីទាក់ទាញទេសចរឱ្យចូលប្រទេសថៃឱ្យបានច្រើនជាងមុន ដោយមានគម្រោងទទួលយកភ្ញៀវជាង ៩ លាន ៣ សែននាក់ឱ្យបានត្រឹមចុងឆ្នាំ ២០២២ នេះ ដែលគេយុទ្ធសាស្ត្រនេះថា ៖ «Supporting Economic Recovery ឬ ការគាំទ្រការស្តារឡើងវិញនៃសេដ្ឋកិច្ច»។
បន្ថែមពីនេះ K Bank បានធ្វើការទស្សន៍ទាយទុកថា លុយបាតអាចនឹងឡើងថ្លៃឡើងវិញបន្ទាប់ពីភ្ញៀវទេសចរចូលមកស្តារវិស័យសេដ្ឋកិច្ចនៅចុងឆ្នាំនេះ ដោយគេរំពឹងថា ១ ដុល្លារ អាចប្តូរបានត្រឹមតែ ៣៥ បាតតែប៉ុណ្ណោះ។ គួរបញ្ជាក់ឱ្យដឹងដែរថា ការដាំក្បាលចុះនៃតម្លៃរូបិយបណ្ណបាតថៃនេះ គឺធ្លាប់មានម្តងនៅជាង ១៦ ឆ្នាំមុន គឺនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០០៦៕