Ruco Chan បើកចិត្តចេះចែករំលែករឿងផ្ទាល់ខ្លួនលើបណ្ដាញសង្គម ព្រោះឥទ្ធិពលភរិយាសម្លាញ់
បើនិយាយដល់តារាសម្ដែងប្រុសហុងកុង Ruco Chan ពីដើមឡើយ លោកគឺជាមនុស្សម្នាក់ដែលមានភាពឯកជន និង ប្រុងប្រយ័ត្នបំផុត ដោយមិនចង់បង្ហាញនៅលើប្រព័ន្ធផ្សព្វផ្សាយឡើយ។ ចាប់តាំងពីពេលចូលសិល្បៈដំបូង លោកគឺជាតារាម្នាក់ ដែលនិយាយរឿងការងារ និង រឿងផ្ទាល់ខ្លួនតិចបំផុតជាមួយនឹងសារព័ត៌មាន។
ទោះជាយ៉ាងណា គេសម្គាល់ឃើញថានៅមួយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Ruco Chan បានផ្លាស់ប្តូរច្រើន ដោយចេះចែករំលែកជីវិតផ្ទាល់ខ្លួនច្រើនជាងមុន ដោយសារតែឥទ្ធិពលរបស់ភរិយាលោក គឺតារាសម្ដែងស្រី Phoebe Sin។
ក្នុងនោះ លោក Ruco Chan បាននិយាយថា៖ «នៅពេលដែលប្រពន្ធរបស់ខ្ញុំចង់បង្ហោះរូបថតគ្រួសាររបស់យើងនៅលើបណ្តាញសង្គម ខ្ញុំក៏បានសួរគាត់ថាហេតុអ្វី ចូលចិត្តបង្ហោះរូបថត? មកដល់ឥលូវនេះ ខ្ញុំបានយល់ហើយថា ទាំងនេះគ្រាន់តែជាការចែករំលែកប៉ុណ្ណោះ អ្វីដែលសំខាន់បំផុតនោះ គឺធ្វើឱ្យមនុស្សគ្រប់គ្នាសប្បាយចិត្ត»។
លើសពីនេះ ការសម្រេចចង់ឱ្យគ្រួសារមើលទៅកាន់តែមានសុភមង្គល គឺទាមទារឱ្យប្តី-ប្រពន្ធទាំងពីរ ចេះយល់យោគអធ្យាស្រ័យ និង ជឿជាក់លើគ្នា ព្រោះនេះពិតជាសំខាន់ណាស់ក្នុងការជឿទុកចិត្តគ្នាទៅវិញទៅមក។ បើទោះជា លោកមិនយល់ស្របនឹងអ្វីដែលប្រពន្ធលោកនិយាយក៏ដោយ ប៉ុន្តែតារាប្រុសរូបនេះក៏នៅតែដឹងពីចំណាប់អារម្មណ៍ក្នុងចិត្តរបស់នាង ព្រោះនាងគឺជាមនុស្សស្រីម្នាក់ដែលតែងនៅក្បែរចាំផ្តល់កម្លាំងចិត្តដល់លោក៕