ពស់ថ្លាន់វារចូលផ្ទះម្តង ៣ ក្បាល ស៊ីមាន់អស់រលីងមួយទ្រុង តែម្ចាស់ផ្ទះជឿថាពស់ចូលនាំលាភមកឱ្យទៅវិញ
មហាជនតាមបណ្តាញសង្គមក្នុងប្រទេសថៃ កំពុងតែហួសចិត្តអស់សំណើចជាខ្លាំងចំពោះរឿងរ៉ាវរបស់ស្ត្រីចំណាស់ម្នាក់ ដែលមានពស់ថ្លាន់ចូលផ្ទះម្តង ៣ ក្បាល ហើយបានស៊ីមាន់អស់មួយទ្រុង តែមិនខ្ចីស្តាយ ព្រោះជឿថាពស់ចូលមកឱ្យលាភសំណាង។
រឿងរ៉ាវមួយនេះបានកើតឡើងនៅខេត្តបុរីរ៉ាំ ប្រទេសថៃ ដោយស្រ្តីជាម្ចាស់ផ្ទះខាងលើមានវ័យ ៦១ ឆ្នាំ បានរៀបរាប់ឱ្យដឹងថា ខ្លួនបានចិញ្ចឹមមាន់ច្រើនក្បាលសម្រាប់លក់ តែមួយរយៈក្រោយនេះចេះតែបាត់ទៅម្តង ២-៣ ក្បាលជាប្រចាំ សង្ស័យថាប្រហែលមានគេមកលួច ឬក៏វាលួចចេញទៅដោយខ្លួនឯង។ លុះមកដល់ព្រឹកមួយ នៅពេលពេលដែលខ្លួនចូលទៅឱ្យចំណីមាន់ដូចសព្វដង ស្រាប់តែបាត់ពួកវាប្រហែលជា ២០ ក្បាលបានអស់ពីទ្រុងអស់រលីង នៅសល់តែពស់ថ្លាន់ចំនួន ៣ ក្បាល ដែលមានពោះប៉ោងស្ពីងៗ។
យ៉ាងណាមិញ ពេលឃើញហើយស្ត្រីចំណាស់រូបនេះនឹកឃើញធ្វើអ្វីមិនចេញឡើយ ទើបនឹកឃើញហៅអ្នកសង្រ្គោះមកជួយចាប់ពស់ថ្លាន់ទាំង ៣ ក្បាលចេញទៅ។ ដោយឡែក ចុងក្រោយស្ត្រីចំណាស់ខាងលើបានឱ្យដឹងថា តាមពិតទៅខ្លួនមិនសូវស្តាយនឹងការអស់មាន់ប៉ុន្មានទេ ព្រោះយប់មុនកើតហេតុនេះ ខ្លួនយល់សប្តិឃើញមនុស្សមាឌធំចូលមកក្នុងផ្ទះ ហើយចៃដន្យងើបឡើងមកក៏ឃើញពស់ថ្លាន់ ៣ ក្បាលចូលមកក្នុងផ្ទះ ទើបជឿថាពួកវានាំគ្នាមកឱ្យលាភជ័យមកឱ្យទៅវិញទេ៕