ចង់ស្អាតពេក រត់ទៅវះកាត់កែសម្ផស្សដល់ទៅ ៦ ដងក្នុងរយៈពេលត្រឹម ២៤ ម៉ោង លទ្ធផលត្រូវបាត់ប.ង់ជីវិ.-ត
ថ្មីៗនេះ សារព័ត៌មាន Ettoday បានរាយការណ៍ពីករណីរបស់ស្រ្តីជនជាតិចិនម្នាក់ ដែលបានស្លាប់បាត់បង់ជីវិត ក្រោយពីធ្វើការវះកាត់កែសម្ផស្សចំនួន ៦ ដងជាប់គ្នា ក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោង។
តាមព័ត៌មានបានឱ្យដឹងថា ស្រ្តីរូបនេះបានទៅទទួលសេវាកម្មកែសម្ផស្សនៅក្នុងមន្ទីរពេទ្យមួយកន្លែង ដោយថ្ងៃដំបូងនាងបានវះកាត់ត្របកភ្នែកពីរជាន់ និង កែច្រមុះ លុះដល់ថ្ងៃស្អែកឡើងនាងក៏បានចូលទទួលការវះកាត់ទៅទៀត ដោយបានទៅបូមខ្លាញ់ពីភ្លៅ ទៅបន្ថែមនៅលើមុខ និង ដើមទ្រូង។ លុះដល់ថ្ងៃទីបី នៅពេលដែលនាងរៀបចេញពីមន្ទីរពេទ្យ នាងក៏ស្រាប់តែសន្លប់បាត់ស្មារតីនៅក្នុងជណ្តើរប្រអប់ ហើយក៏ត្រូវគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមួយទៀត តែជាអកុសលនាងក៏បានបាត់បង់ជីវីតទៅ។
យ៉ាងណាមិញ តាមការធ្វើកោសល្យវិច្ច័យបានឱ្យដឹងថា នាងបានបាត់បង់ជីវិតដោយសារតែការស្ទះផ្លូវដង្ហើម និង ចរន្តឈាម ដែលបណ្តាលមកពីការស្ទះឈាមនៅក្នុងសួត ក្រោយពីបូមខ្លាញ់រួច។ ដោយឡែក ខាងក្រុមគ្រួសាររបស់នាងក៏បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការដើម្បីឱ្យខាងមន្ទីរពេទ្យមកទទួលខុសត្រូវ តែខាងមន្ទីរពេទ្យក៏ជំទាស់បដិសេធការចោទប្រកាន់ជារឿយៗ រហូតដល់មានការស៊ើបអង្កេត និង ពិចារណាក្តីជាថ្មី ទើបចុងក្រោយខាងមន្ទីរពេទ្យក៏បានសងសំណងមកកាន់គ្រួសាររបស់ជនរងគ្រោះចំនួន ៥៩០ ០០០ យ័ន ដែលស្មើប្រមាណជាង ៨ ម៉ឺនដុល្លារ៕
ប្រភព៖ Ettoday, Kapook