នៅចាំទេ? បុស្បា ប៉ាន់ ក្មេងស្រីមានសំឡេងគ្រលួចខាងច្រៀងអូប៉េរ៉ា ពេលនេះអាយុ ២៥ ឆ្នាំ សម្រស់ក៏ស្អាត ការសិក្សាក៏ខ្ពស់
បើរំឭកកាលប្រមាណជាង ១០ ឆ្នាំមុន មហាជនអ្នកគាំទ្រនិយមចូលចិត្តវិស័យតន្ត្រី និង ចម្រៀង ច្បាស់ជានៅចាំបានកុមារីម្នាក់មានឈ្មោះ បុស្បា ប៉ាន់ ដែលជាក្មួយបង្កើតរបស់ផលិតករល្បីឈ្មោះ ឫទ្ធី ប៉ាន់ មិនខាន។
គេចាំបានកាលអំឡុងឆ្នាំ ២០០៦ បុស្បា ប៉ាន់ មានអាយុប្រមាណ ៧ ឆ្នាំ ប៉ុន្តែនាងត្រូវបានមហាជនចាត់ទុកជាតារាចម្រៀងវ័យក្មេង ១ រូប មានទេពកោសល្យក្នុងវិស័យតន្ត្រី និង ចម្រៀង។ លើសពីនោះ បុស្បា ប៉ាន់ ក៏ជាអ្នកចម្រៀងអូប៉េរ៉ាមួយរូបនៅកម្ពុជា និង ជាអ្នកដែលមានជំនាញខាងផ្នែកនិពន្ធបទភ្លេង និង តន្ត្រីផងដែរ។
ជាការពិត ដោយទេពកោសល្យពីកំណើត កញ្ញា បុស្បា ប៉ាន់ បានទទួលអាហារូបករណ៍ទៅសិក្សានៅឯសហរដ្ឋអាមេរិក កាលពីអំឡុងឆ្នាំ ២០១៣។ កញ្ញា បុស្បា ប៉ាន់ បានរៀនសូត្របន្ថែមនៅសាលា Walnuts School for the Art និង សាលា New England Conservatory នៃទីក្រុង Boston សហរដ្ឋអាមេរិក និង បានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យនៅឆ្នាំ ២០១៥។
ក្រោយបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ កញ្ញា បុស្បា ប៉ាន់ បានបន្ដការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញនិពន្ធតន្ដ្រីនៅសាលា New England Conservatory of Music (NEC) ក្នុងទីក្រុង Boston រដ្ឋMassachusetts និង បានបញ្ចប់ការសិក្សាក្នុងឆ្នាំ ២០១៩។
រហូតមកដល់ឆ្នាំ ២០២០ បុស្បា ប៉ាន់ បានបន្ដការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញនិពន្ធតន្ត្រី (Music Composition) នៃសាកលវិទ្យាល័យ Cambridge (University of Cambridge) និង បញ្ចប់ការសិក្សានៅឆ្នាំ ២០២២ កន្លងទៅ។ បច្ចុប្បន្ននេះ កញ្ញាកំពុងធ្វើការនៅក្នុងក្រុមហ៊ុនតន្ត្រីនៅទីក្រុងឡុងដ៍ ជាអ្នកជំនាញផ្នែកតន្ត្រីបុរាណក្នុងវ័យ ២៥ ឆ្នាំ៕