ថ្ងៃដ៏ពិសេស! ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Dai-ichi Life (Cambodia) PLC.បានប្រកាសសម្ពោធប្រតិបត្តិការរបស់ខ្លួនជាផ្លូវការនៅក្នុងព្រះរាជាណាចក្រកម្ពុជា
រាជធានីភ្នំពេញ – ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Dai-ichi Life (Cambodia) PLC. ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេរបស់ប្រទេសជប៉ុនបានបើកការិយាល័យរបស់ខ្លួននៅក្នុងអគារ Vattanac Capital នៅថ្ងៃទី 24 ខែមេសា ឆ្នាំ2019។ ក្រុមហ៊ុន Dai-ichi Life Cambodia គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន Dai-ichi Life Holdings, Inc. (នៃទីក្រុងតូក្យូ ប្រទេសជប៉ុន) បង្កើតឡើងក្នុងឆ្នាំ1902 ហើយវាជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរបស់ជប៉ុនដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ព្រឹត្តិការណ៍ដ៏សំខាន់នាថ្ងៃនេះ គឺមានការរួមបញ្ចូលជាមួយនឹងព្រឹត្តិការណ៍សំខាន់ៗចំនួន 3 គឺពិធីបើកសម្ពោធការិយាល័យរបស់ក្រុមហ៊ុន Dai-ichi Life Cambodia កម្មវិធីសន្និសីទសារព័ត៌មាន និង ការប្រកាសកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Dai-ichi Life Cambodia និង ធនាគារ វឌ្ឍនៈ ដែលរៀបចំឡើងនៅសណ្ឋាគារ Rosewood ភ្នំពេញ តាមរយៈការចងសម្ព័ន្ធភាពធុរកិច្ចរវាងធនាគារ វឌ្ឍនៈ និង ក្រុមហ៊ុន Dai-ichi Life Cambodia អាចធ្វើឲ្យក្រុមហ៊ុន Dai-ichi Life Cambodia ប្រើប្រាស់បណ្តាញរបស់ធនាគារ វឌ្ឍនៈ និង ទំនាក់ទំនងទៅអតិថិជនរបស់ខ្លួនបានកាន់តែឆាប់រហ័សឡើង។ ពិធីសម្ពោធនេះត្រូវបានបញ្ចប់ដោយអាហារពេលល្ងាច ដែលបានរៀបចំឡើងនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។
កម្មវិធីនេះត្រូវបានផ្តួចផ្តើមឡើងដោយអគ្គនាយកនៃក្រុមហ៊ុន Dai-ichi Life Cambodia គឺលោក Allen Thai និង មានការគាំទ្រពីសំណាក់ការិយាល័យកណ្តាល ដែលដឹកនាំដោយលោក Seiji Inagaki អគ្គនាយកក្រុមហ៊ុន Dai-ichi Life Holdings អ្នកតំណាងមកពីក្រុមហ៊ុន Dai-ichi Life ប្រទេសវៀតណាម និង មកពីការិយាល័យប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅប្រទេសសិង្ហបុរី។ ភាពជោគជ័យនៅក្នុងកម្មវិធីបើកសម្ពោធនេះ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អ្នកតំណាងធនាគារជាច្រើន និង អ្នកសារព័ត៌មាន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយជាច្រើនគួរឱ្យកត់សម្គាល់។
ក្រុមហ៊ុន Dai-ichi Life Cambodia នឹងបន្តផ្តល់ជូននូវសេវាកម្មប្រកបដោយនិរន្តរភាព និង វិនិយោគនៅលើទីផ្សារដែលមានប្រជាសាស្ត្រ និង មូលដ្ឋានគ្រឹះសេដ្ឋកិច្ចរឹងមាំ ដែលសមស្របនឹងសេវាធានារ៉ាប់រងអាយុជីវិត។ ក្នុងនាមជាអ្នកនាំមុខក្នុងការផ្តល់នូវសេវាធានារ៉ាប់រងអាយុជីវិតប្រកបដោយគុណភាព ជាមួយនឹងលក្ខខណ្ឌដែលមានភាពងាយស្រួលយល់ យើងធានាថា ផលិតផល និង សេវាកម្មរបស់យើងគឺមានភាពល្អប្រសើរ និង ស័ក្តិសមជាមួយនឹងតម្រូវការរបស់ប្រជាជនកម្ពុជា។
លោកជំទាវ ងួន សុខា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានមានប្រសាសន៍នា រាត្រីសមោលសថា៖ “ខ្ញុំជឿជាក់យ៉ាងមុតមាំថាវត្តមានរបស់ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ កម្ពុជា នឹងចូលរួមចំណែកដល់ការអភិវឌ្ឍន៍វិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជាយើង តាមរយៈបទពិសោធន៍ ចំណេះដឹង ជំនាញ ដែលក្រុមហ៊ុនដាយ អុិឈិ ឡាយហ្វ៍ មានក្នុងវិស័យធានារ៉ាប់រងអាយុជីវិតអស់រយៈពេលជាង ១០០ ឆ្នាំ ក្នុងប្រទេសជប៉ុន។”
លោក Allen Thai អគ្គនាយកនៃក្រុមហ៊ុន Dai-ichi Life Cambodia បានមានប្រសាសន៍ថា ” ប្រទេសកម្ពុជាគឺជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចដ៏លឿនមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនក្នុងអាស៊ី ដែលវាកំពុងជំរុញឱ្យមានការពង្រីកទីផ្សារធានារ៉ាប់រងអាយុជីវិតកាន់តែឆាប់រហ័សផងដែរ។ ចំណុចវិជ្ជមាននៃការវិវឌ្ឍន៍ទាំងនេះបានធ្វើឱ្យមានការកើនឡើងនូវអ្នកដែលមានប្រាក់ចំណូលកម្រិតមធ្យម ដែលតម្រូវការនៃសេវាធានារ៉ាប់រងអាយុជីវិតត្រូវបានកើនឡើង។ នេះគឺជាហេតុផលដែលក្រុមហ៊ុន Dai-ichi Life សម្រេចចិត្តចូលមកក្នុងទីផ្សារមួយនេះ ដើម្បីផ្តល់នូវការការពារ និង ការសន្សំរយៈពេលវែង ដើម្បីបំពេញតម្រូវការរបស់ពួកគាត់”។
ក្រុមហ៊ុន Dai-ichi Life ពេញចិត្តក្នុងការចូលរួមចំណែកជួយដល់សហគមន៍ដែលជាកន្លែងដែលខ្លួនកំពុងមានប្រតិបត្តិការ ស្របតាមការអភិវឌ្ឍអាជីវកម្មរបស់ខ្លួន។ នេះគឺជាការជួយអភិវឌ្ឍន៍សង្គម និង សេដ្ឋកិច្ចប្រកបដោយនិរន្តភាព។ កម្មវិធីសម្ពោធក្រុមហ៊ុន Dai-ichi Life បានបញ្ចប់ទៅដោយការផ្តល់នូវប្រាក់បរិច្ចាគចំនួន50,000 ដុល្លារអាមេរិក ជូនដល់អង្គការសុខភាព Japan Heart Cambodia ដែលជាអង្គការមួយដែលជួយដល់ប្រជាជនក្រីក្រ។ មូលនិធិនេះនឹងត្រូវផ្តល់ឱ្យដើម្បីជួយដល់កុមារកម្ពុជា ដែលជាជនរងគ្រោះនៃជំងឺមហារីក។
ក្នុងនាមជាវិនិយោគិនជប៉ុន ក្រុមហ៊ុន Dai-ichi Life មានការប្តេជ្ញាក្នុងការផ្តល់ជូននូវផលិតផល និង សេវាកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាសម្រាប់រយៈពេលវែង។ ក្រុមហ៊ុនបានត្រៀមខ្លួនរួចជាស្រេចដើម្បីបម្រើ និងបំពេញតម្រូវការធានារ៉ាប់រងអាយុជីវិតជូនដល់ប្រជាជនកម្ពុជាគ្រប់រូប ដូចពាក្យស្លោករបស់ក្រុមហ៊ុន Dai-ichi Life និយាយថា “នៅក្បែរអ្នកជានិច្ច”៕