ប៉ុន្មានដងហើយទប់ស្កាត់មិនបាន ម្ដងនេះលោកអភិបាល ប្ដេជ្ញាត្រឹម ១ ខែលែងឱ្យឡានធំចូលភ្នំពេញ
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីពេលថ្មីៗកន្លងទៅនេះ ឯកត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្ដេជ្ញាថា ទុករយៈពេលត្រឹម ១ ខែត្រូវតែទប់ស្កាត់ឲ្យបាន លែងឱ្យរថយន្តធំៗចូលក្រុងពេលថ្ងៃទៀតហើយ ខណៈកន្លងទៅកិច្ចការទប់ស្កាត់នេះមិនមានប្រសិទ្ធភាពខ្ពស់ ។ លោកអភិបាលបញ្ជាក់ថា យុទ្ធនាការទប់ស្កាត់ឡានធំចូលក្រុងពេលថ្ងៃ គឺឱ្យអាជ្ញាធរខណ្ឌ និង សមត្ថកិច្ចនគរបាលកងរាជអាវុធហត្ថជាអ្នកអនុវត្ត ។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍យ៉ាងដូច្នេះថា ៖ «បើម្ចាស់ឡានធំណា ដែលមិនស្តាប់តាមការណែនាំ គួរឈប់រកស៊ីដឹកជញ្ជូនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ហើយបើចង់ដោះលែងវិញ ត្រូវមានការឯកភាពពីអភិបាលរាជធានីភ្នំពេញទើបបាន» ។
ដើម្បីឱ្យវិធានការនេះទទួលបានជោគជ័យ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរៀបចំតម្រាយផ្លូវសម្រាប់ឡានធំចូលក្រុងជាថ្មី ហើយកំណត់ម៉ោងឱ្យឡានធំចូលក្រុងចាប់ពីម៉ោង ៩ យប់ដល់ម៉ោង ៦ ភ្លឺប៉ុនណោះ។ បន្ថែមលើពីនេះទៀតគ្រោងនឹងរៀបចំទីតាំង ៣ កន្លែង ដើម្បីទុកដាក់រថយន្តធំៗដែលល្មើស ៕
អត្ថបទ ៖ រាជ