មិនខុសពីឱវាទព្រះពុទ្ធ លើលោកនេះគ្មានអ្វីទៀងឡើយ ! ប៉ូលិសស័ក្ដិ ៣ ប្រឈមជាប់ពន្ធធនាគារពីបទ «លួច»
នៅថ្ងៃទី៥ មិថុនា ឆ្នាំ ២០១៩ នេះព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លោកប៉ូលិសស័ក្ដិ ៣ ហេង ហាប់ ពីបទ «លួច» តាមមាត្រា៣៥៣ និង មាត្រា ៣៥៦ នៃក្រមព្រហ្មទណ្ឌ ។
លោក ហេង ហាប់ ជានគរបាល នៃអង្គភាពជើងទឹក មានឋានន្តរស័ក្តិជាអនុសេនីយ៍ឯក (ស័ក្តិ៣) បានយក Ipad ចេញពីកន្លែងវេរលុយ នៅខណ្ឌទួលគោក កាលពីពេលកន្លងទៅ តែត្រូវបានដោះលែងវិញ ក្រោយស្រាវជ្រាវឃើញថាច្រឡំដៃ និង មានបញ្ហាខួរក្បាល ។
ក្រោយដោះលែងព្រោះហេតុផលទាំងនេះ បានធ្វើឱ្យមហាជនផ្ទុះការតវ៉ាពេញផ្ទៃប្រទេស និង ប្រតិកម្មជាខ្លាំង ព្រោះមានវីដេអូភ័ស្តុតាងបានបញ្ជាក់យ៉ាងច្បាស់ថា មិនមែនជាករណីច្រឡំឡើយ គឺបន្លំ ។ ក្រោយផ្ទុះការរិះគន់ពេញប្រទេសទើប សមត្ថកិច្ចសើរើឡើងវិញ និង បញ្ជូនលោក ហេង ហាប់ ទៅតុលាការ រហូតឈានដល់ការចោទប្រកាន់ពីបទ «លួច» ។
តាមមាត្រា ៣៥៦ បានចែងថា ៖ អំពើលួច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០៦ (ប្រាំមួយ) ខែ ទៅ ០៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ១,០០០,០០០ (មួយលាន) រៀល ទៅ ៦,០០០,០០០ (ប្រាំមួយលាន) រៀល ៕
អត្ថបទ ៖ រាជ