ទីបំផុត ! ឡានអាមេរិកកម្លាំង ១ ៧៥០ សេះ ចូលរោងចក្រផលិត និង ត្រៀមចេញលក់ឆាប់ៗ
រថយន្តស្ព័រអាមេរិក SSC Tuatara បានបង្ហាញខ្លួនជាលើកដំបូង កាលពីឆ្នាំ ២០១២ ដោយពេលនោះត្រឹមជាគំរូរថយន្តប៉ុណ្ណោះ ។ រហូតដល់ឆ្នាំ ២០១៨ ក្រុមហ៊ុន SSC North America បានដាក់បង្ហាញ Tuatara ជាផ្លូវការតែម្តង ។
រថយន្តមហាកម្លាំងនេះប្រើម៉ាស៊ីនសាំងចំណុះ ៥,៩ លីត្រ Twin-turbo ទំហំ ៨ ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ១ ៣៥០ សេះ នៅពេលប្រើសាំងដែលមានកម្រិតអុកតាន ៩១ និង រហូតដល់ ១ ៧៥០ នៅពេលប្រើសាំងដែលមានកម្រិតអេតាណុល ៨៥% (E85) ជាមួយប្រអប់លេខអូតូ ៧ វគ្គ ដែលមានប្រព័ន្ធជំនួយហៅថា Robotic Shift System ផងដែរ ។
នាយកប្រតិបត្តិក្រុមហ៊ុន SSC លោក Jerod Shelby មានភាពជឿជាក់ថា Tuatara នឹងក្លាយជារថយន្តដំបូងបង្អស់ដែលអាចរត់ដល់ល្បឿន ៤៨០ គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈរថយន្តនេះមានទម្ងន់ត្រឹមតែ ១ ២៤០ គីឡូក្រាមប៉ុណ្ណោះ ។
សូមបញ្ជាក់ថា ដំណើរការផលិតរថយន្ត SSC Tuatara កំពុងជិតរួចរាល់ ហើយរថយន្តមួយគ្រឿងដំបូងបង្អស់នឹងដឹកជូនអតិថិជននៅត្រីមាសទី ៣ ក្នុងឆ្នាំ ២០១៩ នេះតែម្តង ៕
ដោយ ៖ ឡុង
ប្រភព ៖ Carbuzz