ជ្រូកជិត ៤ ពាន់ក្បាល ត្រូវបានអាជ្ញាធរជួយសង្រ្គោះ បន្ទាប់ពីជំនន់ទឹកស្ទឹងសែនបានហក់ឡើងគំហុក
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ជំនន់ទឹកស្ទឹងសែន បានហក់ឡើងយ៉ាងគំហុកបណ្តាលឱ្យលង់លិចភូមិឋាន ដីស្រែ ចម្ការរបស់ប្រជាពលរដ្ឋមួយចំនួនបានទទួលរងនូវផលប៉ះពាល់ និង ខូចខាតយ៉ាងដំណំ ។ មិនតែប៉ុណ្ណោះ បានធ្វើឱ្យកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែង ដែលមានសត្វជ្រូកជិត ៤ពាន់ក្បាល នៅភូមិស្រែព្រាង ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ ។
បើតាមមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តព្រះវិហារបានឱ្យដឹងថា ទឹកជំននន់ស្ទឹងសែនបានហក់ឡើងយ៉ាងលឿន បណ្ដាលឱ្យកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែង បានទទួលរងនូវការលិចលង់យ៉ាងដំណំ ខណៈជ្រូកជិត៤ពាន់ក្បាលបានទទួលរងផលប៉ះពាល់ ហើយត្រូវបានអាជ្ញាធរខេត្តធ្វើអន្តរាគមន៍ជួយសង្គ្រោះ កាលពីនៅរសៀលថ្ងៃ០៩ ខែកញ្ញា ឆ្នាំ២០១៩នេះ ។