ផ្អើលពិភពលោក! មកុដ Miss World និង Miss Universe ឆ្នាំនេះ ធ្លាក់លើជនជាតិស្បែកខ្មៅមិនធ្លាប់មាន
កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០១៩ កន្លងទៅនេះ ព្រឹត្តិការណ៍ប្រកួត Miss World ប្រចាំឆ្នាំ ២០១៩ បានបិទបញ្ចប់ដោយជោគជ័យ បន្ទាប់ពីបានស្វែងរកឃើញម្ចាស់ជ័យលាភីរាជិនីគ្រងមកុដរួចនោះ ។
ម្ចាស់ជ័យលាភីគ្រងតំណែង Miss World ប្រចាំឆ្នាំ ២០១៩ គឺបានទៅលើនាង Toni-Ann Singh អាយុ ២៣ ឆ្នាំ មកពីប្រទេស Jamaica ដោយនាងត្រូវបានបំពាក់មកុដពីនាង Vanessa Ponce de Leon ម្ចាស់ជ័យលាភីឆ្នាំចាស់មកពីប្រទេសម៉ិកស៊ីកូ ។ សម្រាប់ជ័យលាភីរងទី ១ បានទៅលើបវរកញ្ញាមកពីប្រទេសបារាំង និង ជ័យលាភីរងទី ២ បានទៅលើបវរកញ្ញាមកពីប្រទេសឥណ្ឌា ។
ជ័យជម្នះរបស់នាង Toni-Ann Singh មកពីប្រទេស Jamaica នេះ បានធ្វើឱ្យមហាជនជុំវិញពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះគឺនាងជានារីជនជាតិស្បែកខ្មៅម្នាក់ទៀតបានឈ្នះតំណែងដ៏ធំនេះ និង ក្នុងនោះក៏មានចូលរួមអបអរសាទរជាច្រើនផងដែរ ។
នាង Toni-Ann Singh គឺជាស្រីស្អាតស្បែកខ្មៅទី ៤ នៃប្រទេស Jamaica ដែលបានឈ្នះមកុដ Miss World ចាប់តាំងពីកម្មវិធីបានបង្កើតឡើងនៅឆ្នាំ ១៩៥៩ មក ដោយនៅឆ្នាំ ១៩៦៣ ប្រទេសនេះបានឈ្នះជាលើកដំបូង ហើយឆ្នាំ ១៩៧៦ បានឈ្នះជាលើកទី ២ បន្ទាប់មកនៅឆ្នាំ ១៩៩៣ បានឈ្នះជាលើកទី ៣ និង នៅឆ្នាំ ២០១៩ នេះ បានឈ្នះជាលើកទី ៤ ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ តំណែងសំខាន់ៗក្នុងព្រឹត្តិការណ៍ប្រកួតសម្រស់ធំៗរបស់ពិភពលោក មានអ្នកឈ្នះសុទ្ធតែជានារីជនជាតិស្បែកខ្មៅ ដោយក្នុងព្រឹត្តិការណ៍ Miss Universe កន្លងទៅនេះ អ្នកឈ្នះបានទៅលើនាង Zozibini Tunzi មកពីប្រទេស South Africa និង ក្នុងព្រឹត្តិការណ៍ Miss World ប្រចាំឆ្នាំ ២០១៩ នេះ ក្តោបបានដោយនាង Toni-Ann Singh មកពីប្រទេស Jamaica ។
ជាការពិតក្រោយពីក្តោបបានតំណែងសំខាន់នេះ បវរកញ្ញាជនជាតិស្បែកខ្មៅទាំងពីររូបកំពុងធ្វើឱ្យពិភពលោកចាប់អារម្មណ៍ និង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយគ្នានឹងការចូលរួមអបអរសាទរ កោតសរសើរពីសមត្ថភាពដែលពួកគេបានយកឈ្នះលើបវរកញ្ញាដទៃទៀត ៕