មករៀនធ្វើប៉ាតេសាច់ជ្រូកងាយៗ ទុកញុំាខ្លួនឯងនៅផ្ទះ សុវត្ថិភាពជាងញ៉ាំនៅក្រៅ
លោកអ្នកធ្លាប់បានញុំាប៉ាតេសាច់ជ្រូកដែលលក់តាមទីផ្សារជាច្រើន តែងតែមានរសជាតិឆ្ងាញ់ប្លែកៗគ្នា ហើយសាច់ប៉ាតេបើយកទៅញុំាជាមួយនំបុ័ង ឬ ជ្រក់ត្រសក់ទៀតនោះ កាន់តែមានរសជាតិឆ្ងាញ់ ។ រីឯអ្នកខ្លះទៀត ក៏យកប៉ាតេសាច់ជ្រូកទៅចៀនដើម្បីជ្រលក់ជាមួយនឹងទឹកម្ទេសផងដែរ ។ ថ្ងៃនេះយើងនឹងមកបង្រៀនពីរបៀបធ្វើប៉ាតេសាច់ជ្រូកងាយៗដល់អ្នកទាំងអស់គ្នា ។
របៀបធ្វើប៉ាតេសាច់ជ្រូក
+ គ្រឿងផ្សំ
– ទឹកត្រី ៣ ស្លាបព្រាបាយ
– ស្ករស ១ ស្លាបព្រាបាយ
– ប៊ីចេង ១ ស្លាបព្រាកាហ្វេ
– ម្រេច ១ ស្លាបព្រាកាហ្វេ
– ម្សៅឆា ២ ស្លាបព្រាបាយ
– ប្រេងឆា ២ ស្លាបព្រាបាយ
– ទឹកត្រជាក់ខ្លាំង ៤ ស្លាបព្រាបាយ
– ម្សៅ Baking powder ១ ស្លាបព្រាកាហ្វេ
– សាច់ជ្រូកកិនស្រេច ចំនួន ៥០០ ក្រាម ហើយដាក់ឲ្យត្រជាក់ចំនួន ២ ម៉ោង
– ស្លឹកចេក ដែលលោកអ្នកគិតវាសមាមាត្រទៅនឹងសាច់
+ របៀបធ្វើប៉ាតេ
១. ដាក់ទឹកត្រជាក់ ម្សៅឆា ម្សៅ Baking powder ហើយកូរវាឲ្យសព្វ
២. យកសាច់ជ្រូកកិនស្រេច ដែលដាក់ឲ្យត្រជាក់នោះ ទៅកាត់ដុំៗ និង ដាក់ក្រឡុក ដើម្បីឲ្យវាស្វិត ។ ក្នុងការកិនសាច់ជ្រូក ត្រូវដាក់ ទឹកត្រី ស្ករស ប៊ីចេង និង ម្រេច បន្ទាប់មកកិនវាឲ្យសព្វចំនួនពី ២ ទៅ ៣ នាទី ហើយត្រូវយកស្លាបព្រា ទៅកូរវាដើម្បីឲ្យសាច់និងគ្រឿងចូលសព្វគ្នា និង បន្តធ្វើការកិនវាចំនួន ២ នាទីទៀត ។
៣. បន្ទាប់ពីក្រឡុក ឲ្យសាច់នោះស្វិតល្អហើយ សូមដាក់ម្សៅឆា និង Baking powder ដែលលាយស្រេចនោះចូល ប៉ុន្ដែមុននឹងចាក់ត្រូវលាយម្សៅ និង កូរម្សៅនោះឲ្យសព្វគ្នាសិន រួចចាក់វាបន្ដិចម្ដងៗ បន្ទាប់មកធ្វើការកិនវាចំនួន ២ នាទីទៀត ។ បន្ទាប់មក ចាក់ប្រេងឆាចូលម្ដងបន្ដិចៗ ហើយកិចចំនួន ២ នាទីទៀតបន្ថែមទៀត ។
៤. លាបប្រេងឆា លើស្លឹកចេក កុំឲ្យវាជាប់សាច់រួច ធ្វើការវិចសាច់ដែក្រឡុករួចរាល់នោះ ជាមួយស្លឹកចេកដូចវេចនំអន្សម និង ចង់វាឲ្យបានជាប់ល្អ រួចដាក់ចំហុយចំនួន ៣០ នាទីជាការស្រេច ៕
ប្រភព៖ សារ ធូរ៉ា