កើនឡើងមិនឈប់! ថ្ងៃ ១២ មករានេះ ថៃរកឃើញ ២៨៧ នាក់ទៀតហើយ ឆ្លងជំងឺកូវីដ ១៩
ប្រទេសថៃនៅតែបន្តរកឃើញអ្នកឆ្លងជាបន្តបន្ទាប់ពុំទាន់មានស្បើយនៅឡើយទេ ហើយបញ្ហានេះក៏ជះជាក្ដីកង្វល់យ៉ាងខ្លាំងចំពោះប្រជាជនថៃ ក៏ដូចជារដ្ឋាភិបាលផងដែរ ។
ជាក់ស្តែង នៅវេលាប្រមាណ ១១ និង ៣០ នាទី នៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២១ លោកវេជ្ជបណ្ឌិត Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងការរីករាលដាលជំងឺកូវីដ ១៩ របស់ក្រសួងសុខាភិបាលប្រទេសថៃ បានចេញសេចក្ដីប្រកាសថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មី ចំនួន ២៨៧ នាក់បន្ថែម ។
ក្នុងចំនួនអ្នកឆ្លងថ្មី ២៨៧ នាក់នេះ មានអ្នកឆ្លងជាអ្នកដំណើរក្រៅប្រទេសមាន ៩ នាក់ ហើយពេលនេះអ្នកជំងឺសរុបទូទាំងប្រទេសមានទាំងអស់ចំនួន ១០៨៣៤ នាក់ ជាសះស្បើយសរុបមាន ៦៧៣២ នាក់ កំពុងសម្រាកព្យាបាល ៤០៣៥ នាក់ និង អ្នកស្លាប់សរុបមាន ៦៧ នាក់ ។
លោក Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងការរីករាលដាលជំងឺកូវីដ ១៩ របស់ក្រសួងសុខាភិបាលប្រទេសថៃ បានបន្ថែមថា មកដល់ពេលនេះកូវីដ ១៩ បានរាលដាលទៅដល់ខេត្តចំនួន ៥៩ ហើយ ដែលវាជាក្តីបារម្ភមួយរបស់រដ្ឋាភិបាល ៕