អ៊ិន សុភិន សូមទោសជាសាធារណៈ ក្រោយបញ្ចប់វិវាទជាមួយនឹង សេង រដ្ឋា
រយៈពេលនៃការទន្ទឹងរង់ចាំ នៃការចរចាររវាងស្ថាប័ន Miss Grand Cambodia និង កញ្ញា សេង រដ្ឋា នៅពេលនេះបានឈានមកដល់ទីបញ្ចប់ហើយ។ ក្នុងនោះភាគីស្ថាប័ន MGC និង សេង រដ្ឋា យល់ព្រមសម្រុះសម្រួលតាមច្បាប់ដោយសន្តិវិធីតាមកិច្ចព្រមព្រៀងចំនួន ៧ ចំនុច ដោយចំនុចសំខាន់ៗធ្វើឲ្យមហាជនមានការចាប់អារម្មណ៍គឺ សេង រដ្ឋា ត្រូវបានដកហូតតំណែងពី Miss Grand Cambodia 2020 និង យល់ព្រមប្រគល់មកុដ ឈាង ពានជ័យលាភី ព្រមទាំងមិនទទួលយកប្រាក់រង្វាន់ទៀតផង។
យ៉ាងណាមិញ ក្រោយពីកិច្ចព្រមព្រៀងត្រូវបានប្រកាសជាសាធារណៈនៅលើគណនីរបស់ លោក អ៊ិន សុភិន ហើយនោះ អ្នករៀបចំកម្មវិធី Miss Grand Cambodia 2020 រូបនេះ ក៏បានសរសេរសារសុំទោសជាសាធារណៈផងដែរ ពីកំហុសខុសឆ្គងពាក្យសម្តីដោយលោកបានប្រើប្រាស់ កាលពីពេលកន្លងមក។
ក្នុងសារទាំងមូលនោះដែរ លោក អ៊ិន សុភិន បានរៀបរាប់លម្អិតថា «ពេលវេលាបានមកដល់ទីបញ្ចប់រវាង ក្រុមហ៊ុន Mohahang និង Miss Grand Cambodia 2020 មានតែផ្លូវច្បាប់ទើបអាចដោះស្រាយ ។ សូមអរគុណ នូវការយកចិត្តតាមដានទាំងអស់គ្នា ពេលនេះការពិតបានលាតត្រដាងហើយ ខ្ញុំសូមអស់យោបល់ហើយ សង្ឃឹមថាអ្វីៗនឹងបានល្អប្រសើរ យើងជាខ្មែរដូចគ្នាត្រូវចេះដោះស្រាយដោយសន្តិវិធី ។ ខ្ញុំបាទ សូមសុំទោសជាសាធារណៈនូវពាក្យពេជ្រខុសឆ្គងកន្លងមក ហើយយសូមសន្យាថាកម្មវិធី Miss Grand Cambodia 2021 នឹងរៀបចំអោយបានល្អជាងឆ្នាំ 2020 អរគុណគ្រប់យ៉ាងដល់ក្រុមការងារ និង អ្នកគាំទ្រដែលបានជួយលើកទឹកចិត្តខ្ញុំកន្លងមក ។ ស្រលាញ់អ្នកទាំងអស់គ្នាពេញបេះដូង» ៕