ស្របពេលវីរុសកូវីដ-១៩ កំពុងតែរីករាលដាលនៅក្នុងព្រឹត្តិការណ៍ថ្ងៃ ២០ កុម្ភៈនោះ តារាចម្រៀង សួស វីសា បានចាប់ផ្តើមចេញមុខប្រកាសលុបចោលការងារជាបន្តបន្ទាប់ ដោយសុំការយោគយល់ពីសំណាក់ម្ចាស់កម្មវិធីផងដែរ ។
គួរបញ្ជាក់ថា ក្រោយពីកូនរាងរឹងដៃរឹងជើង តារាចម្រៀង សួស វីសា ក៏បានវិលមកប្រឡូកក្នុងអាជីពចម្រៀងជាធម្មតា ដោយពេលនេះនាងក៏បានថតបទចម្រៀងថ្មីៗជាបន្តបន្ទាប់ តែសម្រាប់ការឡើងច្រៀងនៅក្នុងកម្មវិធីប្រគំតន្ត្រីនៅតាមកញ្ចក់ទូរទស្សន៍នានានាងសុំមិនទទួលទេ ដោយសាររូបរាងនាងបច្ចុប្បន្ននៅគីឡូធ្ងន់នៅឡើយ ។
ស្របពេលវីរុសកូវីដ-១៩ បានចាប់ផ្តើមផ្ទុះជាថ្មី សួស វីសា ក៏បានចេញមុខច្រានចោលការងារមួយចំនួន ដោយក្នុងនោះនាងបានបង្ហោះសារថា ៖ «ថ្ងៃនេះនាងខ្ញុំសុំលុបចោលការណាត់ទាំងអស់ដោយក្តីអនុគ្រោះ ពេលសភាពការណ៍ធូរស្បើយ នាងខ្ញុំនឹងបន្តគ្រប់ការងារដែលនៅសល់ឱ្យអស់ ដោយទំនួលខុសត្រូវខ្ពស់ ដោយក្តីគោរព»។
ថ្វីដ្បិតមិនមែនជាតារាចម្រៀងលំដាប់កំពូលប្រចាំផលិតកម្មក៏ពិតមែន តែ សួស វីសា ក៏ជាតារាដែលមានប្រជាប្រិយភាពម្នាក់ដែរ ។ អ្នកគាំទ្រមិនតិចទេកំពុងទន្ទឹងរង់ចាំសកម្មភាពសិល្បៈថ្មីៗរបស់តារាចម្រៀងរូបនេះ ក្រោយពីនាងបានប្រកាសថាការវិលត្រឡប់ជាថ្មី និង មានលក្ខណៈប្លែកមិនថាការតែងខ្លួន ឬ បទចម្រៀងនោះឡើយ ៕