ប្រយ័ត្នផង! បុរសម្នាក់ទម្លាយល្បិចចោរប្លន់ គប់កញ្ចក់ឡានទាំងយប់ តាមផ្លូវមកពីកំពត តែងកើតឡើងរឿយៗ
មហាជននៅក្នុងបណ្ដាញសង្គមបាននាំគ្នាផ្ទុះការចាប់អារម្មណ៍ ក្រោយបុរសម្នាក់ជួបហេតុការណ៍ត្រូវចោរគប់កញ្ចក់ឡាន ក្នុងគោលបំណងប្លន់តាមផ្លូវធ្វើដំណើរពីខេត្តកំពតមកដល់ត្រង់ចំណុចខេត្តកំពង់ស្ពឺ។
ជាក់ស្ដែងបុរសដែលជួបហេតុការណ៍ផ្ទាល់ មានគណនីឈ្មោះ Rathachap Gamy បានរៀបរាប់ឱ្យបានដឹងថា ៖ «កាលពីយប់ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២២ ខ្ញុំបាទនឹងក្រុមគ្រួសារបានធ្វើដំណើរតាមរថយន្តមួយគ្រឿងម៉ាក (តាកូម៉ា) មានគ្នា ៥ នាក់ ត្រឡប់មកពីចូលរួមមង្គលការបងប្អូននៅឯខេត្តកំពត តាមផ្លូវជាតិលេខ ៤១ លុះមកដល់ខ្លោងទ្វារវត្តអង្គ បត់ចូលតាមផ្លូវអង្គមេត្រី (ផ្លូវលេខ ១៣០) ក្នុងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ វេលាម៉ោង ២៣:៣០ នាទី មានក្រុមក្មេងទំនើងមួយក្រុម (ក្រុមចោរប្លន់) មានគ្នា ៤ នាក់ជិះម៉ូតូ ២ គ្រឿង មួយគ្រឿងម៉ាក Honda dream មួយគ្រឿងទៀតប្រភេទអូតូ (មិនចាំម៉ាក) បានធ្វើដំណើរបញ្ច្រាសទិសគ្នាពីលិចទៅកើត ក្នុងពេលដែលខ្ញុំកំពុងធ្វើដំលើដងផ្លូវ ស្រាប់តែក្រុមក្មេងទាំងនេះបានជិះមកជិតរថយន្តខ្ញុំហើយយកដុំថ្មចាក់ពីបេតុងវាយមកលើកញ្ចក់ឡានធ្លុះចូលក្នុងឡានចំដើមទ្រូងខ្ញុំផ្នែកខាងឆ្វេង បណ្ដាលឱ្យរងរបួសស្រាល»។
បុរសខាងលើ បានបញ្ជាក់ឱ្យដឹងទៀតថា ក្រុមក្មេងទាំងនេះ មិនមែនតែធ្វើសកម្មភាពលើកទី ១ ទេ គឺធ្វើសកម្មភាពជាញឹកញាប់ ហើយមានប្រជាពលរដ្ឋរងគ្រោះជាច្រើនករណីមកហើយ ដោយខ្លួនមិនដឹងថា ក្រុមក្មេងទំនើងទាំងនេះ មានសមត្ថភាពជាងសម្ថតកិច្ច ឬក៏សមត្ថកិច្ចនៅក្នុងភូមិសាស្រ្តអសមត្ថភាព ក្នុងការបង្រា្កបនឹងទប់ស្កាត់ក្រុមក្មេងទាំងនេះ ដើម្បីឱ្យស្របតាមគោលនរយោបាយរបស់រាជរដ្ឋភិបាលដាក់ចេញ នូវភូមិឃុំសុវត្ថិភាព ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅកុំឱ្យមានការភ័យខ្លាច។
ក្នុងនោះបុរសខាងលើ បានផ្ដាំផ្ញើ និង ក្រើនរំឭកថា ៖ «ផ្ញើជូនដល់កងកម្លាំងសមត្ថកិច្ចជំនាញទាំងអស់ ដែលគ្រប់គ្រងនៅភូមិសាស្រ្តនេះ មេត្តាចាត់វិធានការក្ដៅដល់ក្រុមក្មេងទំនើងទាំងនេះ ដើម្បីកុំឱ្យដើរអុកឡុកដល់បងប្អូនប្រជាពលរដ្ឋរស់នៅនឹងធ្វើដំណើរនៅក្នុងភូមិសាស្រ្តនេះ មានការភ័យខ្លាចបន្តទៀត! សូមផ្ញើជូនបងប្អូនដែលត្រូវធ្វើដំណើតាមផ្លូវខាងលើនេះ មេត្តាប្រុងប្រយ័ត្នឱ្យមែនទែនចំពោះក្រុមក្មេងទំនើងទាំងនេះ ហើយខ្ញុំក៏មិនដឹងថាបងៗសម្ថតកិច្ចគាត់ធ្វើការសុីប្រាក់ខែពីរដ្ឋ ហើយគាត់ធ្វើ ឬ មិនធ្វើការ គឺខ្ញុំមិនដឹងទេ ព្រោះករណីនេះកើតឡើងជាញឹកញាប់ សូមអរគុណ»៕