សម្ដីមួយឃ្លារបស់បេក្ខនារីប៊ូតុងមាស Jane មុនស្លា-ប់ ធ្វើឱ្យមហាជនរំជួលចិត្ត ចងចាំមិនភ្លេច
កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ មហាជនជាច្រើនស្ទើរពាសពេញពិភពលោក មានការតក់ស្លុតចិត្តជាខ្លាំង ក្រោយបានដឹងដំណឹងថា Nightbirde ដែលមានឈ្មោះពិតថា Jane ជាបេក្ខភាពបានប៊ូតុងមាសពី Simon Cowell ក្នុងកម្មវិធីប្រកួតលំដាប់ពិភពលោក «America’s Got Talent 2021» បានទទួលមរណភាពហើយ ក្រោយស្ពាយជំងឺមហារីកជាប់ខ្លួនអស់រយៈពេលដ៏យូរមកនោះ។
Nightbirde ដែលមានឈ្មោះកំណើតថា Jane Marczewski បានចូលរួមប្រកួតកម្មវិធី America’s Got Talent រដូវកាលទី ១៦ កាលពីខែមិថុនា ឆ្នាំ ២០២១ កន្លងទៅ ដោយបានធ្វើការសម្ដែងបទចម្រៀង original song របស់នាងដែលមានចំណងជើងថា «It’s Ok»។ នៅពេលនោះដែរ បទចម្រៀងរបស់នាងមួយបទនោះ បានទាក់ចិត្តគណៈកម្មការចិត្តថ្ម Simon ជាខ្លាំង រហូតដល់ថ្នាក់លោកសម្រេចចិត្តចុចប៊ូតុងមាសជូននាងតែម្ដង។
ទោះជាយ៉ាងណា កាលពីខែសីហាកន្លងទៅ Nightbirde បានធ្វើការប្រកាសថា នាងសុំដកខ្លួនចេញពីកម្មវិធីប្រកួត ដោយសារតែសម្ពាយជំងឺមហារីករបស់នាងគឺកាន់តែវិវដ្ដអាក្រក់ទៅៗ មុនពេលរូបនាងបានលាចាកលោកយើងនេះ កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ ក្នុងអាយុត្រឹម ៣១ ឆ្នាំ។
ដោយឡែកបើក្រឡេកទៅកាលពីខែមិថុនា ពោលគឺអំឡុងពេលឡើងប្រកួតកម្មវិធី America’s Got Talent 2021 នាង Jane គឺបានធ្វើឱ្យគណៈកម្មការ និង មហាជនអ្នកទស្សនា រំជួលចិត្តរហូតស្រក់ទឹកភ្នែកជាមួយនឹងបទចម្រៀងរបស់នាង ហើយអ្វីដែលធ្វើឱ្យមហាជនរឹតតែរំភើប និង កាន់តែរំជួលចិត្តខ្លាំងជាងនេះទៀតនោះ គឺនៅពេលដែលនាងនិយាយសម្ដីដ៏មានន័យមួយឃ្លាថា ៖«ខ្ញុំមានឱកាសត្រឹម ២ ភាគរយប៉ុណ្ណោះ ប៉ុន្តែ ២ ភាគរយ មិនមែន ០ ភាគរយឯណា។ ២ ភាគរយ គឺជាក្ដីសង្ឃឹម ហើយខ្ញុំចង់ឱ្យមនុស្សគ្រប់គ្នាដឹងថាវាអស្ចារ្យខ្លាំងប៉ុណ្ណា..»។
ពាក្យពេចន៍មួយឃ្លារបស់បេក្ខភាព AGT 2021 នេះ គឺនៅតែស្ថិតក្នុងការចងចាំរបស់មហាជនដែលតែងតែគាំទ្ររូបនាងកន្លងមក បើទោះបីជាពេលនេះ រូបកាយរបស់នាងលែងមានវត្តមានលើពិភពលោកនេះទៀតក៏ពិតមែន៕