អ្នករត់កង់បីឥណ្ឌាម្នាក់ឈ្មោះ Mahendra Kumar កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងចំពោះភាពច្នៃប្រឌិត ដែលបានផ្លាស់ប្ដូរដំបូល Tuk-Tuk ទៅជាសួនច្បារតូចមួយពោរពេញដោយរុក្ខជាតិ ដើម្បីជាការកាត់បន្ថយកម្ដៅដល់អ្នកដំណើររបស់លោក។
ជាការពិតណាស់ កង់បីឥណ្ឌា គឺសម្បូរខ្លាំង និង តែងតែឃើញពាសពេញដងផ្លូវក្នុងក្រុង New Delhi ប្រទេសឥណ្ឌា ប៉ុន្តែកង់បីរបស់លោក Kumar គឺទាក់ទាញខុសប្លែកពីគេ ដោយសារតែសួនច្បារតូចពណ៌បៃតងលើដំបូលនោះឯង។
តាមសម្ដីម្ចាស់កង់បីរូបនេះបាននិយាយថា សួនរុក្ខជាតិបៃតងតូចមួយនេះ គឺអាចជួយឱ្យកង់បីរបស់លោក មិនសូវក្ដៅខ្លាំង បើទោះបីជាអាកាសធាតុខាងក្រៅឡើងរហូតដល់ ៤៥ អង្សាសេ នៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅក៏ដោយ។
គួរឱ្យដឹងថា បច្ចុប្បន្ននេះ ពលរដ្ឋប្រមាណជា ២០ លាននាក់នៅទីក្រុង New Delhi កំពុងរងផលប៉ះពាល់ខ្លាំងដោយអាកាសធាតុក្ដៅបំផុតក្នុងឆ្នាំ ២០២២ នេះ។ ជាក់ស្ដែង កាលពីសប្ដាហ៍មុន សីតុណ្ហភាពបានហក់ក្ដៅខ្លាំងរហូតដល់ ៤៥ អង្សាសេ ក្នុងតំបន់មួយចំនួននៃទីក្រុងមួយនេះ។ ក្នុងនោះដែរ ខាងឧតុនិយមបានព្យាករណ៍ថា រលកកម្ដៅនឹងធ្លាក់ចុះបន្តិចវិញនៅរយៈពេល ៣ ទៅ ៤ ថ្ងៃខាងមុខ មុនពេលកើនកម្ដៅឡើងវិញជាថ្មី៕