រំជួលចិត្ត កូនអស់បុណ្យត្រឹមអាយុ ៣ ឆ្នាំ ឪពុកម្តាយបានបរិច្ចាគអវៈយវៈកូន ជាប្រយោជន៍សង្រ្គោះជីវិតគេ
ករណីបរិច្ចាគមួយបាន និង កំពុងតែធ្វើឱ្យមហាជនកើតរំជួលចិត្តទៀតហើយ កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ ដោយក្រោយពីកូនតូចអាយុ ៣ ឆ្នាំម្នាក់បានលាចាកលោក ឪពុកម្តាយសុខចិត្តបរិច្ចាគអវៈយវៈកូនឱ្យទៅពេទ្យ ដើម្បីសង្គ្រោះជីវិតអ្នកដទៃទៀត។
ការបរិច្ចាគនេះ បានធ្វើឡើងមន្ទីរពេទ្យមួយកន្លែង នាខេត្តភូកេត ប្រទេសថៃ ដែលក្រុមគ្រូពេទ្យជាច្រើន បានមកទទួលអវៈយវៈរបស់ក្មេងពីក្រុមគ្រួសាររបស់គេ ថែមទាំងធ្វើការគោរពអរគុណទៅដល់សពរបស់ក្មេងទៀតផង។
ដោយឡែក អវៈយវៈដែលបានបរិច្ចាគនេះ មានដូចក្រលៀន និង គ្រាប់ភ្នែកសងខាង ហើយនឹងត្រូវបានខាងមន្ទីរពេទ្យនាំយកទៅជួយអ្នកជំងឺផ្សេងៗ ដែលបានខូចខាតអវៈយវៈដូចខាងលើនេះទៅតាមការសមគួរផងដែរ។ យ៉ាងណាមិញ ខាងមន្ទីរពេទ្យពិតជាអរគុណខ្លាំង ទៅដល់ក្រុមគ្រួសាររបស់ក្មេង ដែលមានការមេត្តាសណ្តោស សុខចិត្តបរិច្ចាគអវៈយវៈរបស់កូនដើម្បីជួយជីវិត ជួយជាប្រយោជន៍ដល់អ្នកដទៃបែបនេះ ដែលនេះពិតជាកម្រមានណាស់។
ចំណែកមហាជននៅតាមបណ្តាញសង្គមវិញ ក៏រំជួលចិត្តមិនចាញ់គ្នានោះដែរ ម្នាក់ៗបួងសួងសុំឱ្យបុណ្យកុសលនៃការបរិច្ចាគនេះ ជួយនាំក្មេងតូចឱ្យទៅកាន់ទីស្ងប់សុខ ព្រមទាំងកើតជាតិណាសូមឱ្យមានសុខភាពល្អ និង អាយុវែង៕