ឪពុកម្តាយមិនគួរមើលរំលង ខណៈសញ្ញានៃក្តីស្រឡាញ់របស់កូនៗប្រែប្រួលតាមអាយុ
ទារកតូចៗ
1. សម្លឹងភ្នែកអ្នក៖ ទារកតូចៗដែលចូលចិត្តមើលមុខ និងភ្នែកនរណាហើយ អ្នកនោះហើយគឺជាមនុស្សដែលគេចូលចិត្ត។ កាយវិការទឹកមុខបែបនេះត្រូវបានបង្កើតឡើងដើម្បីទាកទាញការស្រឡាញ់ និងការយកចិត្តទុកដាក់ពីឪពុកម្តាយគេតែម្តង។
2. ស្គាល់ក្លិនរបស់អ្នក៖ ករណីមានជម្រើសក្លិនក្រអូបផ្កា និងញើសរបស់អ្នក ឬអាវដែលប្រឡាក់ក្លិនទឹកដោះ កូនអ្នកនឹងជ្រើសរើសយកក្លិនអាវរបស់អ្នកហើយ ដោយសារតែគេចេះចំណាំ និងស្គាល់ក្លិនដែលគេធ្លាប់នៅជាមួយទោះបីជាគេអាយុបាន ១សប្តាហ៍ក៏ដោយ។
3. ញញឹមរកអ្នក៖ រឿងដំបូងដែលកូនអាចធ្វើបានដើម្បីបញ្ជាក់អំពីការចូលចិត្ត ឬស្រឡាញ់ចំពោះអ្នក គឺការញញឹមរកអ្នក
4. និយាយរកអ្នក៖ ទារកតូចៗ ទោះបីជាគេមិនអាចអាចនិយាយឲ្យយើងយល់ ប៉ុន្តែគេក៏ចេះវិធីទំនាក់ទំនងជាមួយអ្នកដើម្បីឲ្យអ្នកមានប្រតិកម្មទៅគេវិញដែរ។
5. ចង់ឲ្យអ្នកនៅជិត៖ ក្នុងរយៈពេលមួយឆ្នាំដំបូង អ្នកនឹងសម្គាល់ឃើញថា គេទំនងជាមិនសប្បាយចិត្តឡើយនៅពេលដែលមិនឃើញអ្នក។ ដូច្នេះគេអាចយំច្រើន ប៉ុន្តែគេនឹងញញឹមវិញនៅពេលគេឃើញអ្នក។
6. ប្រើអ្នកធ្វើជាខែល៖ អ្នកមិនបាច់ឆ្ងល់ទេថា បើសិនជាកូនចេះតែលូនក្បាលចូលលើទ្រូងអ្នកនៅពេលឃើញនរណាមិនស្គាល់មុខចេញឲ្យគេឃើញ ព្រោះនេះជាអារម្មណ៍ធម្មតានៃការភ័យខ្លាច និងចង់ឲ្យមនុស្សដែលគេស្រឡាញ់ និងជឿជាក់ការពារ។
ទារកទើបចេះដើរតេសតាស
A. ចម្លងទឹកមុខរបស់អ្នក៖ ការបង្ហាញទឹកមុខរបស់អ្នកច្រើនតែងាយនឹងត្រូវបានកូនចម្លងប្រើប្រាស់ណាស់។ រឿងនេះអាចធ្វើឲ្យគេឧស្សាហ៍ញញឹមនៅពេលអ្នកញញឹម ឬមើលទៅតក់ស្លុតនៅពេលគេមានអារម្មណ៍ខ្លាចជាដើម។ រឿងនេះទំនងជាចាប់ផ្តើមខ្លាំងនៅពេលគេអាយុបាន ៩ ទៅ ១៨ខែ។
B. ចម្លងប្រតិកម្មដែលអ្នកធ្លាប់តែមាន៖ វាមិនមានអ្វីដែលត្រូវភ្ញាក់ផ្អើលឡើយដែលកូនតូចអ្នកចេះប្រើប្រតិកម្មដែលអ្នកធ្លាប់តែធ្វើនោះ ព្រោះតែគេស្រឡាញ់ និងជឿជាក់លើការយល់ដឹងរបស់អ្នក។
C. ចម្លងអាកប្បកិរិយាអ្នក៖ រឿងនេះមិនបាច់និយាយច្រើនទេក៏អាចដឹងដែរ។ តើកូនអ្នកចេះតែព្យាយាមបើកទ្វារដោយខ្លួនឯងដោយយកកូនសោរពីណាពីណីមកចាក់ដែរទេ? តើគាត់ចេះតែញី ឬសិតសក់ចុះឡើយនៅពេលឆ្លុះកញ្ចក់ដែរទេ?
D. យកអ្នកជាអ្នកការពារនៅផ្ទះ៖ ក្នុងការដែលស្ថិតនៅកន្លែងថ្មី កូនក្មេងដែលចេះដើរតេសតាស ច្រើនតែរត់មករកអ្នកវិញក្រោយពីគេធ្វើអ្វីមួយរួចហើយ ដោយសារតែយល់ថាគេជឿជាក់លើអ្នក ដែលអាចការពារគេបាន។ ពេលខ្លះវាមិនត្រឹមតែជារឿងដែលគេជឿជាក់លើអ្នកទេ តែជាវិធីដែលគេអាចទទួលបានផាសុកភាពនៅពេលអ្នកនៅជិតគេក្រោយពីគេធ្វើអ្វីមួយដែលមិនដឹងត្រូវឬខុស ឬភ័យខ្លាចអ្វីមួយ។
ក្មេងត្រៀមចូលរៀន
1. ចិត្តច្រើន៖ កូនអ្នកអាចនឹងខឹងនៅពេលដែលគេព្យាយាមទាញចំណាប់អារម្មណ៍របស់អ្នក តែបែរជាមិនយកចិត្តទុកដាក់ចំពោះគេ ឬនិយាយជាមួយនរណាផ្សេង។ គេអាចនឹងសាំចិត្តច្រើនគ្រប់ពេលដែលគេសង្ស័យថាអ្នកទំនងជាមិនស្រឡាញ់គេទៀតទេ។
2. អ្នកគឺជាគំរូដ៏ល្អរបស់គេ៖ ចាប់តាំងពីគេអាចចម្លងរឿងគ្រប់យ៉ាងពីអ្នកតាំងពីចេះដើរតេសតាសមក គេអាចនឹងចាត់ទុករឿងនេះកាន់តែខ្លាំងថែមទៀត ដោយយកអ្នកជាមនុស្សគំរូដល់គេតែម្តង ដោយសារតែអ្វីក៏អ្នកចេះដែរ។
3. ចេះប្រើពាក្យខ្លួនឯងដើម្បីបង្ហាញការស្រឡាញ់៖ ដល់កូនអាយុបាន ៣ ទៅ៤ឆ្នាំ ក្មេងភាគច្រើនចេះចាប់ផ្តើមបញ្ជាក់ការស្រឡាញ់របស់គេដោយប្រើពាក្យពិតរបស់ខ្លួនឯងដូចជា កូនស្រឡាញ់ម៉ាក់ ឬស្រឡាញ់ប៉ា ឬស្បែកម៉ាកទន់ណាស់។
4. ផ្តល់ផាសុកភាពដល់អ្នក៖ រឿងនេះអាចមានដែរត្រង់ថា គេអាចយកភួយពិសេសរបស់គេមកដណ្តប់លើអ្នកនៅពេលឃើញអ្នកហូរទឹកភ្នែក ឬគេអាចថើបអ្នកនៅពេលអ្នកមានរបួស។ រឿងនេះអាចនិយាយបានថា គេព្យាយាមធ្វើអ្វីដែលត្រឹមត្រូវ។
5. គេព្យាយាមប្រើពាក្យសម្តីធ្វើឲ្យអ្នកឈឺចាប់៖ ការស្រឡាញ់មិនគួរណាមានអ្វីឈឺចាប់ទេ ប៉ុន្តែនៅពេលនិយាយពីក្មេងៗគឺ អាចធ្វើឲ្យឈឺដែរ។ គេអាចនិយាយថា អត់ឲ្យម៉ាក់ ឬប៉ាញ៉ាំនំហ្នឹងទេខ្លាចឈឺពោះ។ តែតាមពិតគេព្យាយាមញ៉ាំខ្លួនឯងឲ្យអស់ទៅវិញទេ។
6. សប្បាយចិត្តពេលឃើញអ្នកត្រឡប់មកវិញ៖ ក្រោយពីបាត់អ្នកយូរ កូនអ្នកអាចនឹងរត់មកអោប និងបង្ហាញអំពីការនឹករបស់អ្នក ថាអ្នកជាមនុស្សសំខាន់ នៅពេលអ្នកត្រឡប់មកវិញ។ ក្រៅពីនេះ គេអាចនឹងយំខ្លាំងនៅពេលអ្នកទៅណាបាត់បន្តទៀត។
កូនធំៗ
A. អ្នកជាមនុស្សម្នាក់គត់ដែលគេទុកចិត្ត៖ នៅពេលកូនអ្នកជួបអ្នកដោយសារតែបញ្ហាអ្វីមួយ មានន័យថាគេចង់បង្ហាញអំពីការជឿជាក់ចំពោះអ្នកហើយ ដោយសារមានតែអ្នកទេទើបអាចជួយគេបាន។
B. ចង់ធ្វើរឿងជាច្រើនដើម្បីអ្នក៖ រឿងនេះអាចដែរត្រង់ថា កូនអ្នកចង់រៀបចំតែ ឬអាហារពេលព្រឹកឲ្យអ្នកញ៉ាំផង ព្រោះតែគេយល់ថា វាជាសញ្ញាច្បាស់លាស់មួយនៃការស្រឡាញ់ដែលគេអាចធ្វើចំពោះមនុស្សដែលគេស្រឡាញ់បាន។
C. មានការបត់បែនច្រើន៖ ការធ្វើខុសអ្វីមួយហើយ គឺគេច្រើនតែខឹងនិងមិនព្រមឡើយនៅពេលគេបន្ទោស ប៉ុន្តែអារម្មណ៍គេបែរជាបត់បែនពីការខឹងនេះវិញ នៅពេលមានការពន្យល់ពីអ្នកថា វាពិតជាមិនត្រឹមត្រូវមែន។ នេះជាអ្វីដែលអាចបញ្ជាក់ថា គេមានការគោរពចំពោះការយល់ដឹងរបស់អ្នក និងជឿជាក់លើអ្នកខ្លាំង។
D. បង្ហាញពីការដឹងគុណ៖ ធម្មតាទេ អ្នកអាចសម្គាល់បានហើយថា នៅពេលកូនចេះនិយាយថាអរគុណចំពោះយើងហើយ មានន័យថា គេពិតជាចង់បង្ហាញអំពីការគោរព និងស្រឡាញ់ចំពោះអ្នក៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
( ប្រភព ៖ babycenter )