ដល់ក គ្រាន់តែគ្រឿងឧបភោគ បរិភោគ ក្លែងក្លាយជាង ៤០តោនត្រូវបានសមត្ថកិច្ចដុតបំផ្លាញចោល !
ស្ករត្នោត នំ គ្រឿងបរិភោគ និង ឧបភោគក្លែងក្លាយ ចំនួនជាង ៤០តោន ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការនគរបាលជាតិ និង មន្ត្រីកាំកុងត្រួល ដុតបំផ្លាញចោល បន្ទាប់ពីចាប់បានជាបន្តបន្ទាប់ពីឈ្មួញទុច្ចរិត នាពេលកន្លងមក។
លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃអគ្គស្នងការនគរបាលជាតិ បានប្រាប់អ្នកសារព័ត៌មានថា ផលិតផលដែលក្រុមការងារបានដុតបំផ្លាញនេះ គឺបានចាប់ពីឈ្មួញទុច្ចរិត នាពេលកន្លងមក ហើយឈ្មួញ និង ម្ចាស់សិប្បកម្មទាំងនោះ ត្រូវបានបញ្ជូនទៅតុលាការចាត់ការ តាមនីតិវិធីច្បាប់ផងដែរ ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មុននឹងទិញរបស់ប្រើប្រាស់ និង បរិភោគត្រូវពិនិត្យ ឱ្យបានច្បាស់លាស់ ពីព្រោះមានឈ្មួញទុច្ចរិត និង អគតិជាច្រើន បានលួចផលិត និង លក់ខណៈអាជ្ញាធរមិនទាន់ស្រាវជ្រាវរកឃើញនោះ ៕
ដោយ៖ ចំណូល