ត្រីគល់រាំងមួយក្បាលទម្ងន់២៧គីឡូក្រាម ត្រូវបានលែងចូលបឹងទន្លេសាប !
សូមកោតសរសើ លោកបណ្ឌិត ហេង គង់ អនុប្រធានវិទ្យាស្ថានជាតិ ស្រាវជ្រាវ និង អភិវឌ្ឍន៍វារីវប្បកម្ម នៃរដ្ឋបាលជលផល និង ក្រុមគ្រួសារ បានសម្រេចព្រលែងត្រីគល់រាំងមួយក្បាល ទម្ងន់ ២៧ គីឡូក្រាមក្នុងទន្លេសាប ក្រោយពីគ្រួសារលោកចិញ្ចឹមវាអស់រយៈពេល ៧ ឆ្នាំមកនោះ ។
លោកបណ្ឌិត ហេង គង់ ក្នុងបទសម្ភាសមួយជាមួយគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) នាពេលថ្មីៗនេះថា ត្រីគល់រាំងមួយក្បាលនេះ ត្រូវបានក្រុមគ្រួសាររបស់លោក ចាប់បានកាលពី ៧ ឆ្នាំមុននៅ«ដាយត្រី» ក្នុងបឹងទន្លេសាប សង្កាត់លេខ២ គីឡូម៉ែត្រលេខ ៦ មានទម្ងន់ ៧ គីឡូក្រាម ។ ក្រោយពីបានចិញ្ចឹមក្នុងបែលត្រីអស់រយៈពេល ៧ ឆ្នាំក្រោយមក វាបានឡើងទម្ងន់រហូតដល់ ២៧ គីឡូក្រាម។
ការព្រលែងត្រីគល់រាំងមួយក្បាលយ៉ាងធំនេះបានធ្វើឱ្យមានការសាទរ ពីសំណាក់ប្រជាពរដ្ឋទូទៅ ក៏ដូច ជាពួកអ្នកអភិរក្សជលផលផងដែរ ពីព្រោះត្រីប្រភេទនេះ វាកាន់តែតិចទៅហើយ នៅក្នុងជម្រកធម្មជាតិ ៕
ដោយ៖សុថាត់