ក្តៅគគុក! ករណីជនមិនស្គាល់មុខបា..ញ់ប្តីប្រពន្ធដល់ក្នុងផ្ទះ ផ្អើលខេត្តកំពង់ចាមថ្ងៃមុន ត្រូវបានគេដឹងមូលហេតុហើយ
នៅវេលាម៉ោងប្រមាណ ១២ ថ្ងៃត្រង់ ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅនេះ ខ្មាន់កាំភ្លើងមួយរូបបានចូលបាញ់ប្រហារពីរនាក់ប្ដីប្រពន្ធមួយគូដល់ក្នុងផ្ទះ នៅភូមិទន្សោងស្លាប់ ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ទាក់ទិនទៅនឹងករណីដ៏ភ្ញាក់ផ្អើលនេះ បើតាមព័ត៌មានបឋមដែលទទួលបាន បានឱ្យដឹងថា ដើមឡើយគេឃើញជនសង្ស័យម្នាក់ចុះពីរថយន្ដមួយគ្រឿង ដើរចូលផ្ទះរបស់ជនរងគ្រោះ ក្រោយមកស្រាប់តែឮសំឡេងស្នូរកាំភ្លើងផ្ទួនៗជាច្រើនគ្រាប់ បង្កឱ្យមានការភ្ញាក់ផ្អើលតែម្ដង។ ក្រោយមកទើបដឹងថា ស្នូរកាំភ្លើងផ្ទួនៗនោះបានបណ្ដាលឱ្យស្ដ្រីម្នាក់ស្លាប់ និង បុរសម្នាក់ទៀតរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ខណៈខ្មាន់កាំភ្លើងបានគេចខ្លួនបាត់ទៅ។
ទន្ទឹមនោះ បើតាមលោក សម ផល្លា ប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ចាម រាយការណ៍ជូនឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា ខ្មាន់កាំភ្លើងមានឈ្មោះ ឆេង សេង ហៅ ធីវ អាយុ ៤០ ឆ្នាំ រស់នៅផ្ទះបុរីឈូកវ៉ា ២ រាជធានីភ្នំពេញ មានមុខរបរជាអ្នកលក់គ្រឿងតុបតែងឡាន ជិះរថយន្តម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BL-8356 ពេលបង្កហេតុ។
តាមការសន្និដ្ឋាន របស់សមត្ថកិច្ចថា មូលហេតុដែលឈានដល់ការបាញ់ប្រហារបែបនេះ គឺបណ្ដាលមកពីទំនាស់ពាក្យសម្តីគ្នា ដោយជនរងគ្រោះឱ្យជនបង្កហេតុគាស់សពជីដូនជីតា ចេញពីដីដើម្បី ងាយស្រួលទិញលក់៕