សាលាទាំង ១០ នេះ ក្រសួងអប់រំបានជ្រើសរើសយកមកធ្វើជាមណ្ឌលកំណែសន្លឹកកិច្ចការបេក្ខជនបាក់ឌុប ២០២៣
ការប្រព្រឹត្តនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី ៦ វិច្ឆិកា ២០២៣ ត្រូវបានបញ្ចប់ទៅដោយរលូន ត្រឹមល្ងាចថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ ដោយក្នុងនោះមានបេក្ខជនអវត្តមានសរុប ២៣២៨ នាក់ ស្រី ៩៣៤ នាក់ ស្មើនឹង ១.៦៩ ភាគរយ នៃបេក្ខជនចុះឈ្មោះសរុប (ក្នុងនោះបេក្ខជនស្វៃរិនអវត្តមានចំនួន ១៨១៤ នាក់ ស្រី ៧៤៩ នាក់) ហើយបេក្ខជនមានបញ្ហាសុខភាពមាន ៨៥ ករណី ក្នុងនោះបេក្ខជនមានបញ្ហាសុខភាព និង មិនអាចបន្តការប្រឡងបានចំនួន ៥ ករណី ក្រៅពីនេះបេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់បានបន្តការប្រឡងជាធម្មតាបន្ទាប់ពីអាការបានធូរស្រាល និង ក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ។
យ៉ាងណាមិញ កាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ ក្រសួងអប់រំ យុជន និង កីឡា លោក ស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងបានមានប្រសាសន៍ឱ្យដឹងថា ក្រសួងបានកំណត់យកមណ្ឌលប្រឡងបាក់ឌុបចំនួន ១០ នៅក្នុងរាជធានីភ្នំពេញធ្វើជាមណ្ឌលកំណែសន្លឹកកិច្ចការបេក្ខជន ហើយក្នុងចំណោមមណ្ឌលកំណែទាំងនោះ ក្រសួងបានបែងចែកការកែទៅតាមមុខវិជ្ជានីមួយៗផងដែរ។
ទន្ទឹមនឹងនេះ លោកស្រីបានឱ្យដឹងដែរថា មណ្ឌលកំណែទាំង ១០ ក្នុងនោះមាន ៖
• មណ្ឌលកំណែវិទ្យាល័យព្រះស៊ីសុវត្ថិ ត្រូវកែ មុខវិជ្ជា អក្សរសាស្រ្តខ្មែរ
• មណ្ឌលកំណែវិទ្យាល័យបាក់ទូក កែមុខវិជ្ជា គណិតវិទ្យា
• មណ្ឌលកំណែវិទ្យាល័យហ៊ុនសែន ប៊ុនរ៉ានី វត្តភ្នំ កែ មុខវិជ្ជា ប្រវត្តិវិទ្យា
• មណ្ឌលកំណែវិទ្យាល័យជាស៊ីម សន្ធរម៉ុក កែមុខវិជ្ជា ភាសាអង់គ្លេស
• មណ្ឌលកំណែបឋមសិក្សាព្រះនរោត្តម កែមុខវិជ្ជា រូបវិទ្យា
• មណ្ឌលកំណែវិទ្យាល័យជាស៊ីម បឹងកេងកង កែមុខវិជ្ជា គីមីវិទ្យា
• មណ្ឌលកំណែវិទ្យាល័យបឹងត្របែក កែមុខវុជ្ជា ជីវវិទ្យា
• មណ្ឌលកំណែវិទ្យាល័យព្រះយុគន្ធរ កែមុខវិជ្ជា ភូមិវិទ្យា
• មណ្ឌលកំណែបឋមសិក្សាសន្ធរម៉ុក កែមុខវិជ្ជា សីលធម៌ពលរដ្ឋវិជ្ជា
• និង មណ្ឌលកំណែវិទ្យាល័យទួលទំពូង កែមុខវិជ្ជា ផែនដី និង បរិស្ថានវិទ្យា។
មិនតែប៉ុណ្ណោះ លោកស្រីបានបន្តថា ដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនប្រឡងសញ្ញាបត្របាក់ឌុប បានចាប់ផ្ដើមនៅថ្ងៃទី ៩ រហូតដល់ថ្ងៃទី ១៥ វិច្ឆិកា ឆ្នាំ ២០២៣ និង ថ្ងៃទី ១៦ ដល់ថ្ងៃទី ២៦ វិច្ឆិកាដំណើរការស្រង់ពិន្ទុ ដោយកុំព្យូរទ័រ ព្រមទាំងពិនិត្យផ្ទៀងផ្ទាត់ពិន្ទុ រួចប្រកាសលទ្ធផលនៅថ្ងៃទី ២៧ ខែវិច្ឆិកា សម្រាប់រាជធានីភ្នំពេញ និង ខេត្តកណ្តាល ហើយថ្ងៃទី ២៨ សម្រាប់បណ្តាខេត្តផ្សេងៗព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំយុវជន និង កីឡាដែរ។
គួរបញ្ជាក់ថា ក្នុងការធ្វើកំណែនេះលោកគ្រូ អ្នកគ្រូ ដែលជាប្រធានក្រុមដឹកនាំធ្វើអត្រាកំណែទាំងអស់បានធ្វើការបែងចែកសមាជិកបន្តជាក្រុមតូចៗ និង ធ្វើការណែនាំដល់សមាជិកទាំងឱ្យបំពេញភារកិច្ចឱ្យបានត្រឹមត្រូវ និង យកចិត្តទុកដាក់ក្រោមស្មារតីទទួលខុសត្រូវខ្ពស់ ដោយមិនត្រូវយកភ្ជាប់មកជាមួយនូវទូរស័ព្ទដៃ និង ឧបករណ៍អេឡិចត្រូនិកចូលបន្ទប់កំណែគ្រប់បន្ទប់កំណែទាំងអស់មានបំពាក់កាម៉េរ៉ាសុវត្ថិភាព និង ក្រោមការត្រួតពិនិត្យ ដោយអង្គភាពប្រឆាំងអំពើពុករលួយ៕