នារីម្នាក់ ត្រូវប៉ូលិសឃាត់ខ្លួន ក្រោយកើតគំនិតទៅលួចកែវទឹកម៉ាកល្បីពីផ្សារ គិតជាលុយរាប់ពាន់ដុល្លារ
ថ្មីៗនេះ ប៉ូលិសនារដ្ឋ California សហរដ្ឋអាមេរិក បានចាប់នារីវ័យ ២៣ ឆ្នាំម្នាក់ ដែលជាមុខសញ្ញាចោរលួច កែវដាក់ទឹកប្រ៊េនៗជាច្រើនកែវ សរុបជាលុយរហូតដល់ទៅរាប់ពាន់ដុល្លារ។
តាមព័ត៌មានបានឱ្យដឹងថា នារីជាជនសង្ស័យ បានចូលទៅផ្សារមួយកន្លែង ហើយបានប្រមូលកែវទឹកម៉ាកល្បីឈ្មោះ Stanley យកដាក់នៅក្នុងរទេះរុញឡើងពេញ ហើយក៏បានព្យាយាមមិនចូលទៅកន្លែងគិតលុយនោះទេ។ ខាងភ្នាក់ងារបុគ្គលិកក៏បានឃើញ តែនាងនៅតែមិនព្រមទៅគិតលុយ ថែមទាំងបានប្រមូលកែវទឹកទាំងអស់ ដាក់ក្នុងឡាន រួចក៏បានបើកចេញទៅបាត់។
យ៉ាងណាមិញ ក្រោយមក ប៉ូលិសក៏បានទទួលព័ត៌មាន ហើយក៏ចាប់បានឡានរបស់នាងនៅតាមផ្លូវ ក្នុងនោះ គេឆែកឆេរទៅក៏ឃើញថា នាងបានលួចកែវទាំងអស់ចំនួន ៦៥ កែវ ដែលមានតម្លៃសរុបរហូតដល់ទៅ ២៥០០ ដុល្លារឯណោះ។ ដោយឡែក គេសន្និដ្ឋានថា នាងលួចយកកែវទាំងនេះទៅ ដើម្បីយកលក់លើអនឡាញ ដោយលក់ក្នុងតម្លៃខ្ពស់ជាងនៅខាងក្រៅ ២ ទៅ ៣ ដង យកប្រាក់ចំណេញ។
គួរឱ្យដឹងដែរថា កែវទឹកម៉ាក Stanley នេះ បានបង្កើតឡើងតាំងពីឆ្នាំ ១៩១៣ មកម៉្លេះ ហើយថ្មីៗនេះ វាទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ក្រោយពីមាននារីម្នាក់ បានទុកកែវមួយនេះនៅក្នុងឡាន ហើយឡាននាងត្រូវឆេះខ្ទេចអស់ តែកែវទឹកបែរជាមិនមានបញ្ហាអ្វីសោះ៕