ទិញស្លមួយអាយ៉ូសហើយទើបដឹង! តាមពិតកូនកញ្ចប់នៅក្នុងថង់ជីឆាយ មិនមែនសារធាតុរក្សាទុកទេ អាចប្រើប្រាស់បាន
សម្លជីឆាយ គឺជាមុខម្ហូបដ៏ពេញនិយមមួយ ដែលគេនិយមស្លស្លុកយកទៅវត្តអារាម ប្រគេនចង្ហាន់ព្រះសង្ឃក្នុងឱកាសពិធីបុណ្យប្រពៃណីផ្សេងៗ ព្រមទាំងចម្អិនហូបក្ដៅៗក្នុងក្រុមគ្រួសារផងដែរ ដោយសារតែវាងាយស្រួលចម្អិន និង ចំណាយពេលលឿនឆាប់បានទទួលទាន។
នៅក្នុងការចម្អិននេះផងដែរ អ្វីដែលខ្វះមិនបាននៅក្នុងសម្លជីឆាយ គឺជីឆាយ ជាតួអង្គចម្បងនៃគ្រឿងផ្សំមុខម្ហូប។ ដោយឡែក ក្នុងថង់ជីឆាយនោះទៀតសោត ពេលបើកប្រើប្រាស់ម្ដងៗ គេរមែងឃើញមានកូនកញ្ចប់តូចមួយ ភ្ជាប់មកជាមួយដោយមានប្រិយមិត្តភាគច្រើនពុំសូវហ៊ានប្រើប្រាស់នោះឡើយ ដោយបានគិតថាវាអាចជាគ្រឿងរក្សាទុកផ្សេងៗដាក់ភ្ជាប់មកជាមួយជីឆាយ ដើម្បីកុំឱ្យខូចគុណភាពប៉ុណ្ណោះ។
យ៉ាងណាមិញ ការគិតបែបនេះគឺផ្ទុយស្រឡះ ជាក់ស្ដែងតាមរយៈគណនីមួយដែលមានឈ្មោះ Lyheang Kuoch បានបង្ហោះរូបភាពហែកកញ្ចប់ភ្ជាប់ជាមួយជីឆាយនោះ ព្រមទាំងបានបញ្ជាក់ថា ៖ «ចង់ប្រាប់ថា អាកញ្ចប់នៅក្នុងជីឆាយហ្នឹង គឺជាអំបិលទេ ឈប់ឆ្ងល់ថាអាហ្នឹងអីគេទៀតណា»។ ក្នុងនោះក៏មានអ្នកបញ្ចេញមតិផ្សេងៗគ្នាជាច្រើន សម្ដែងក្ដីហួសចិត្តដ្បិតមិនដឹងថាវាជាអ្វីមិនហ៊ានប្រើប្រាស់នោះឡើយ និង មានអ្នកផ្សេងទៀតដែលធ្លាប់ប្រើប្រាស់ ណែនាំឱ្យដាក់វាតែបន្តិចៗបានហើយ ដោយសារតែវាមានរសជាតិប្រៃខ្លាំងជាងអំបិលទៅទៀត៕