មកដឹងពីប្រភេទកីឡា ពេលវេលា និង ទីតាំងបើក-បិទ ព្រឹត្តិការណ៍កីឡាជាតិលើកទី ៤ ដែលចាប់ផ្ដើមចុងខែក្រោយ
នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៤ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ឱ្យបានដឹងថា ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី ៤ ឆ្នាំ ២០២៤ និង កីឡាជាតិជនពិការលើកទី ២ នឹងចាប់ផ្ដើមបើកជាផ្លូវការ នាថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤ ខាងមុខនេះ វេលាម៉ោង ៦ ល្ងាច ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងពិធីបើកនេះផងដែរ ក៏នឹងមានវត្តមានកំពូលតារាចម្រៀងលោក វណ្ណដា និង លោក ជី ឌេវីត ក្រៅពីនេះក៍មានក្រុមតារារ៉េបរបស់ផលិតកម្មបារមីផ្សេងទៀត ដូចជា វណ្ណថាន ស៊ូហ្សានា យូហៃ, «បទទេវរាជ» សម្តែងដោយ លោក ជី ឌេវីត និង អ្នកនាង ទេព បូព្រឹក្ស, ក្រុមឡាស៊ីម៉ាកាទែល និង តារាជាច្រើនរូបទៀតផងដែរ។
គួរឱ្យដឹងផងដែរថា ប្រភេទកីឡាដែលក្រសួងអប់រំ យុវជន និង កីឡា បានកំណត់យកផ្លូវការមានចំនួន ៣៦ ប្រភេទ សម្រាប់ការប្រកួតកីឡាជាតិ លើកទី ៤ រួមមាន បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ ហែលទឹក តេក្វាន់ដូ ITF តេក្វាន់ដូWT ប៉េតង់ គុនដាវ គុនល្បុក្កតោ ប្រដាល់សកល យូដូ ចំបាប់ ប្រដាល់គុនខ្មែរ វាយកូនបាល់ ការ៉ាតេ កាយសម្ព័ន្ធ ទោចក្រយាន សូហ្វតិន្នីស សីដក់ វូស៊ូ ហុកគី ឃីកបុកស៊ីង រាំ ជឺជីតស៊ូ ទូកប្រពៃណី ទូកក្តោង លើកទម្ងន់ ប៊ីយ៉ា និង ស្នូកយ័រ ទ្រីយ៉ាត្លុង វាយកូនគោល ម៉ូតូទឹក អុកចត្រង្គ និង វ៉ូវីណាម ដែលមាន ៣២៨ វិញ្ញាសា។
ចំពោះប្រភេទកីឡាជាតិជនពិការលើកទី ២ មានចំនួន ១៣ រួមមាន អត្តពលកម្មជនពិការ ហែលទឹកជនពិការ បាល់បោះរទេះជនពិការ បាល់ទះអង្គុយបូស្យា វាយកូនឃ្លីលើតុជនពិការ អុកជនពិការ លើកទម្ងន់ជនពិការ យូដូជនពិការ វាយសីជនពិការ បាល់ទាត់ជនពិការភ្នែក ៥ ម្ខាង បាល់បោះជនពិការភ្នែក និង អេឡិកត្រូនិចជនពិការ មានវិញ្ញាសាចំនួន ៥៥ សរុបរួមស្មើនឹង ៣៨៣ វិញ្ញាសា។
សូមបញ្ជាក់ផងដែរថា បើតាមការឱ្យដឹងពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ពិធីបិទជាផ្លូវការនឹងត្រូវធ្វើឡើងនៅវេលាម៉ោង ១៨:០០ ថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាព ឯកឧត្តមបណ្ដិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី៕