វណ្ណដា ហៅ «អូនៗ» ឆ្លើយតបយ៉ាងផ្អែមលួងចិត្តអ្នកគាំទ្រឱ្យរីករាយវិញ ប៉ះប៉ូវរឿងថតស្និទ្ធនឹងតារាម៉ូដែលថៃ
បទចម្រៀងថ្មីរួមគ្នារបស់តារាចម្រៀងរ៉េបកម្ពុជា វណ្ណដា និង តារាចម្រៀងរ៉េបថៃ OG Bobby ចំណងជើង «BONG» បានចេញជាផ្លូវការហើយកាលពីយប់ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២២ ដោយមិនដល់ ២៤ ម៉ោងផង MV ចម្រៀងខាងលើមានការចែករំលែក និង ចូលទស្សនាដល់ទៅ ១ លានដង។
អ្វីដែលកំពុងតែធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកំពុងផ្ទុះការចាប់អារម្មណ៍នោះ ក្រោយពី MV បានចេញជាផ្លូវការហើយ នៅលើផេករបស់ វណ្ណដា ក៏បានបង្ហោះរូបភាពក្រុមការងារ និង តួសម្តែងក្នុង MV «BONG» ដោយរួមមានរូបលោកថតរួមគ្នាតែ ២ នាក់ នឹងតារាម៉ូដែល Jiggy ទៀតផង។
រូបថត វណ្ណដា ជាមួយនឹងស្រីស្រស់រូបនេះ ត្រូវបានចាប់អារម្មណ៍ថាភាគច្រើនគឺសុទ្ធតែជាអ្នកគាំទ្រនារីៗចូលទៅបញ្ចេញមតិ ហើយមតិនោះគឺមានដូចជាខ្លះអន់ចិត្ត ខ្លះប្រចណ្ឌ ក៏មានដែរ។ ជាងនេះទៅទៀត ក្រឡេកទៅមើលការ Reaction វិញ គឺមានអ្នកចុច Sad ដល់ទៅជិត ៥ K ឯនោះ បើគិតត្រឹមថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២២ នេះ។
យ៉ាងណាក្រោយពីមានការ ចុច Sad និង បញ្ចេញមតិអន់ចិត្ត ខ្លះឈានដល់ការមានកូនចិត្តប្រចណ្ឌតារាចម្រៀងរ៉េប វណ្ណដា ព្រោះតែក្តីស្រឡាញ់នោះ ស្រាប់តែសាមីខ្លួនខាងប្រុស ពោលគឺលោក វណ្ណដា បានចេញមកបញ្ចេញមតិបន្តពីអ្នកគាំទ្រថា ៖ «អូនកុំយំអី បងថត MV ទេ»។
គ្រាន់តែឃើញ វណ្ណដា ឆ្លើយតបភ្លាមនោះ ស្រាប់តែអ្នកគាំទ្រនារីៗជាច្រើនបានចូលទៅចុច Reaction លើការបញ្ចេញមតិព្រាត ក្រោយពីឃើញតារាក្នុងដួងចិត្តប្រើពាក្យ «អូន» លួងចិត្តអ្នកគាំទ្រយ៉ាងផ្អែម៕