(វីដេអូ) ស៊យមើលមិនឃើញមែន! កំពុងដើរតាមផ្លូវសុខៗ ត្រូវស៊ីទែនទឹកធ្លាក់លើ សំណាងចំប្រឡោះមិនរងរបួស
កាលពីថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ មានហេតុការណ៍គ្រោះថ្នាក់ដ៏មិននឹកស្មានមួយកើតឡើងក្នុងប្រទេសឥណ្ឌា ដោយស្ត្រីម្នាក់នៅក្រុង Dindoli កំពុងដើរតាមផ្លូវក្រោយចេញពីវិហារសាសនាមួយ ក៏សុខៗស្រាប់តែត្រូវបានស៊ីទែនទឹកជ័រមួយប៉ុណ្ណាណីមិនដឹងធ្លាក់មកពីណាចំពីលើនាងពេញទំហឹងផ្អើលអស់អ្នកជិតខាង។
តាមវីដេអូថយបានស្ដែងៗពីកាមេរ៉ាសុវត្ថិភាពបានបង្ហាញឱ្យឃើញស្ត្រីខាងលើកំពុងដើរលើផ្លូវលំតូចមួយខណៈនាងកំពុងញ៉ាំផ្លែប៉ោមបណ្ដើរដើរបណ្ដើរ។ យ៉ាងណាមិញ ដើរមិនទាន់បានប៉ុន្មានផងក៏ស្រាប់តែត្រូវស៊ីទែនទឹកជ័រពណ៌ប្រផេះយ៉ាងធំមួយធ្លាក់មកចំពេញទំហឹងតែម្ដង។
ក្រោយធ្លាក់បានប៉ុន្មានវិនាទីក៏ឃើញស្ត្រីរងគ្រោះអើតក្បាលចេញពីរន្ធខាងលើនៃស៊ីទែនទឹកនោះ ដោយព្យាយាមងើយមើលរកប្រភពដែលស៊ីទែននោះធ្លាក់មក។ ភ្លាមៗ អ្នកជិតខាងក៏បានស្ទុះមកជួយហើយឃើញថាស្ត្រីរូបនោះមិនបានរងរបួសអ្វីនោះទេ។
យ៉ាងណាមិញ បើតាមសន្តិសុខម្នាក់បានបញ្ជាក់ថា ស៊ីទែនទឹកដែលធ្លាក់នោះត្រូវបានអ្នកប្រមូលសំរាមធ្វើឱ្យធ្លាក់ដោយចៃដន្យខណៈគាត់កំពុងលាងសម្អាតលើដំបូល៕