ទោះមិនបានបន្តដំណើរជាមួយគ្នា តែបវរកញ្ញាចក្រភពអង់គ្លេស ថាប្រទេសនាងស្វាគមន៍ ប៊ី សុធារី ជានិច្ច
ជាដំណឹងក្តៅៗ ដែលស្ថាប័ន Miss Grand International បានប្រកាសដកសិទ្ធិម្ចាស់ផ្ទះពីកម្ពុជាក្នុងការរៀបចំកម្មវិធីប្រកួតជាលក្ខណៈអន្តរជាតិនៅកម្ពុជា។ ទន្ទឹមគ្នានេះ កញ្ញា ប៊ី សុធារី Miss Grand Cambodia 2024 នាងក៏បានប្រកាសថ្មីៗ ថានាងនឹងមិនបន្តទៅប្រកួតនៅប្រទេសថៃឡើយ។
ជាក់ស្តែង ប៊ី សុធារី បានផ្ញើសារនៅក្នុងគ្រុបឆាតទៅកាន់បវរកញ្ញាទាំងអស់ ដោយប្រកាសអំពីការមិនបន្តដំណើរជាមួយពួកគេទៅកាន់ប្រទេសថៃ។ នាងថែមទាំងលើកឡើងថា យើងជាស្ថាប័ននៅកម្ពុជាពិតជាបានប្រឹងប្រែងយ៉ាងខ្លាំង ក្នុងនាមជាម្ចាស់ផ្ទះដើម្បីស្វាមគន៍អ្នកទាំងអស់គ្នា។ ជាមួយសារប្រកាសនេះ បវរកញ្ញាអន្តរជាតិជាច្រើន បានឆ្លើយតបជាហូរហែ ដោយពួកគេសុទ្ធសឹងសរសេរក្នុងន័យ ពិតជាសោកស្តាយ និង អរគុណជាខ្លាំងសម្រាប់ការស្វាគមន៍ដ៏កក់ក្តៅ ជាពិសេស នោះ គឺការរៀបចំដ៏អស្ចារ្យបំផុតសម្រាប់ពួកគេ។
មួយក្នុងចំណោមនោះ បវរកញ្ញាចក្រភពអង់គ្លេស Miss Grand United Kingdom 2024 នាង Amy Viranya Berry បានសរសេរផ្តាំផ្ញើទាំងសោកស្តាយថា៖ « ខ្ញុំពិតជាសំណាងណាស់ដែលបានរួមដំណើរជាមួយអ្នក។ ឃ្វីន! ជូនពរអ្នកនឹងមិនអី តែជោគជ័យជាមួយអ្វីទាំងអស់ដែលនឹងចូលមករកអ្នក។ ខ្ញុំពិតជាសោកស្តាយដែលឮដំណឹងនេះចំពោះអ្នក ពីព្រោះអ្នកមិនទាន់បានបង្ហាញអ្វីទាល់តែសោះ តែអ្នកបានបង្ហាញទឹកចិត្តល្អបំផុតមកកាន់យើងគ្រប់គ្នា។ ចក្រភពអង់គ្លេសស្វាគមន៍អ្នកគ្រប់ពេល»។
ផ្អែកតាមការឆ្លើយតបឆាតទាំងអស់ បវរកញ្ញាម្នាក់ៗសុទ្ធតែឆ្លើយតបជាមួយអារម្មណ៍សោកស្តាយ ការអរគុណ និង លើកទឹកចិត្តដល់ ប៊ី សុធារី ជាហូរហែ។ នេះសបញ្ជាក់ឱ្យឃើញថា ពួកគេពិតជាស្រលាញ់បវរកញ្ញាកម្ពុជា និង អ្វីដែលកម្ពុជារៀបចំ ក៏ដូចជាការមើលថែពួកគេតាំងពីពេលបានបោះជំហានមកដល់ទឹកដីកម្ពុជា៕