កំពុងត្រូវគេរិះគន់ លោក អ៊ិន សុភិន បែរជានិយាយយ៉ាងរាក់កំភែលថាអ្វីដែលធ្វើមុននេះ គ្រាន់តែចង់ពិសោធអត្តចរិត MGI ប៉ុណ្ណោះ
ភាពចម្រូងចម្រាស់រវាងអ្នកគ្រប់គ្រងកម្មវិធី Miss Grand Cambodia អ្នកស្រី អ៊ឹម សុគន្ធា និង ម្ចាស់ស្ថាប័ន MGI លោក Nawat នៅតែក្ដៅគគុក និង ត្រូវបានបណ្ដាអ្នកគាំទ្រជុំវិញពិភពលោកចាប់អារម្មណ៍ខ្លាំង ខណៈភាគីទាំងសងខាងបានធ្វើសន្និសីទបកស្រាយពីហេតុការណ៍ដែលបានកើតឡើងរួចរាល់អស់ហើយ។
ត្រលប់មកចូលសាច់រឿងលោក អ៊ិន សុភិន ដែលជាអតីតអ្នកគ្រប់គ្រងកម្មវិធី Miss Grand Cambodia 2020-2022 វិញ ប៉ុន្មានថ្ងៃចុងក្រោយនេះ កំពុងផ្ទុះព័ត៌មានយ៉ាងក្ដៅគគុកដូចគ្នាថា លោកបានទាក់ទងទៅលោក Nawat ដើម្បីសុំទិញសិទ្ធិរៀបចំកម្មវិធី MGC នៅឆ្នាំក្រោយ ហើយលើសពីនេះ លោក Nawat ក៏បានទាក់ទងឱ្យលោក អ៊ិន សុភិន ជួយស្វែងរកបេក្ខនារីម្នាក់ដើម្បីតំណាងប្រទេសកម្ពុជាជំនួសកញ្ញា ប៊ី សុធារី ដើម្បីទៅចូលរួមប្រកួត MGI 2024។
ជុំវិញរឿងរ៉ាវមួយនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញា សិល្បករ សិល្បការិនីក្នុងស្រុកជាច្រើន ព្រមទាំងអ្នកស្រី អ៊ឹម សុគន្ធា ផ្ទាល់ បញ្ចេញប្រតិកម្មហួសចិត្ត និង ខ្មាសគេជាខ្លាំងនូវទង្វើមួយនេះ ហើយក្នុងនោះក៏មានការបង្ហោះសារ និង វីដេអូបញ្ចេញមតិចោទជាសំណួរជាច្រើនទៅលោក អ៊ិន សុភិន ចំពោះអាកប្បកិរិយារបស់លោកមួយនេះ។
ពាក់ព័ន្ធនឹងសំណួរដ៏ក្ដៅដូចបាយពុះនេះ នៅរសៀលថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៤ នេះ លោក អ៊ិន សុភិន បានបង្ហោះសារថ្មី ឆ្លើយតបយ៉ាងរាក់កំភែលទៅមហាជនវិញថា ៖ «ខ្ញុំមិនបានបញ្ជូនបេក្ខនារីណាទៅចូលរួមប្រកួត MGI 2024 និង មិនទិញសិទ្ធិ Miss Grand Cambodia ដាច់ខាត អ្វីដែលយើងខ្ញុំធ្វើកន្លងមកគ្រាន់តែចង់ពិសោធ អត្តចរិត MGI តែប៉ុណ្ណោះ»៕