ទីបំផុត! ស្រីស្អាត Catriona Gray បវរកញ្ញាចក្រវាលឆ្នាំ ២០១៨ ត្រូវបានសង្សារបណ្ដូលចិត្តសុំរៀបការហើយ
ដ្បិតតែបានផ្ទេរតំណែង Miss Universe អស់រយៈពេល ៥ ឆ្នាំក៏ពិតមែន តែបវរកញ្ញាចក្រវាលឆ្នាំ ២០១៨ នាង Catriona Gray នៅតែមានប្រជាប្រិយភាព និង ត្រូវបានមហាជនស្រឡាញ់ពេញចិត្តមករហូត ព្រោះនាងជាបវរកញ្ញាម្នាក់ដែលមានទាំងសម្រស់ និង ចំណេះដឹង។
ដោយឡែក បើនិយាយជីវិតឯកជននាងនៅពេលនេះវិញ ជាពិសេសរឿងស្នេហាគេឃើញនាង Catriona Gray កំពុងតែមានក្តីសុខខ្លាំងជាមួយនឹងគូស្នេហ៍រូបសង្ហាដែលជាតារាសម្ដែងល្បីឈ្មោះក្នុងប្រទេស គឺលោក Sam Milby បច្ចុប្បន្នមានអាយុ ៣៨ ឆ្នាំ។ ចាប់តាំងតែចាប់ដៃគ្នាជាសង្សារមក Catriona តែងតែបង្ហាញសកម្មភាពផ្អែមល្អែមមិនដែលដាច់ឡើយលើគណនីអ៊ីនស្ត្រាក្រាម។
យ៉ាងណាមិញ កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ ពិតជាធ្វើឱ្យមហាជននិយមស្នេហាវិស័យបវរកញ្ញាមានការរំភើបចិត្តជាខ្លាំងបន្ទាប់ពីឃើញបវរកញ្ញាចក្រវាលរូបនេះចេញមកបង្ហោះរូបភាពសង្សារបណ្ដូលចិត្ត លោក Sam Milby បំពាក់ចិញ្ចៀនសុំរៀបការយ៉ាងរ៉ូមែនទិកនៅមាត់ឆ្នេរសមុទ្រ។ ងាកទៅមើល អ្នកគាំទ្រវិញក្រោយឃើញទិដ្ឋភាពផ្អែមល្ហែម របស់រាជិនីកំពូលសម្រស់រូបនេះ និង គូស្នេហ៍ ម្នាក់ៗបានចូលទៅបញ្ចេញមតិអបអរសាទរព្រោងព្រាត ហើយក៏សង្ឃឹមថានឹងអាចមានដំណឹងល្អឆាប់ៗផងដែរ៕