អត់ពិបាកទៅឆ្ងាយ! នៅត្រឹមតាកែវ ក៏មានទឹកជ្រោះដែរ ហូរចុះមកពីលើភ្នំ ហើយជាង ១០ ឆ្នាំមុនជាកន្លែងរកត្បូងមានតម្លៃ
បើកាលណាគេនិយាយពីខេត្តតាកែវ ភ្ញៀវទេសចរណ៍តែងនឹកទៅដល់ភ្នំជីសូរមុនគេ ជាកន្លែងដែលពេញនិយមសម្រាប់ភ្ញៀវទេសចរគ្រប់វ័យ តែទន្ទឹមនេះក៏មានកន្លែងលម្ហែផ្សេងៗផងដែរ ដូចជាភ្នំតាម៉ៅជាដើម។
ថ្មីៗនេះផងដែរ តាមរយៈរដ្ឋបាលខេត្តតាកែវ បានណែនាំនូវរមណីយដ្ឋានដ៏ពេញនិយមមួយ ក្នុងខេត្តតាកែវ ដែលមានឈ្មោះថា «ទឹកជ្រោះផ្អោកគីរីវង់»។ ស្ថិតនៅក្នុងភូមិជ្រោយស្លែង ឃុំគិរីចុងកោះ និង ភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ទឹកជ្រោះផ្អោក មានប្រវែងប្រមាណជា ១០០០ ម៉ែត្រ និង ទទឹង ២ ម៉ែត្រ ដែលហូរពីលើភ្នំ ហើយកាត់ថ្មដាតូច-ធំ ចុះមកក្រោម និង មានផ្ទះស្បូវសម្រាប់អង្គុយលេងកម្សាន្ត រួមទាំងមានលក់ម្ហូបអាហារ ដែលមានតម្លៃថោកសមរម្យ សម្រាប់ភ្ញៀវទេសចរណ៍មកកម្សាន្តផងដែរ។ អ្វីដែលកាន់តែជាពិសេសទៀតនោះ រមណីយដ្ឋានទឹកជ្រោះផ្អោក សម្បូរត្បូងមានតម្លៃណាស់។
តាមប្រភពបានបញ្ជាក់ឱ្យដឹងថា នៅមុនពេលទឹកជ្រោះផ្អោក ក្លាយជារមណីយដ្ឋានពេញនិយម គឺកាលពីជាង ១០ ឆ្នាំមុន នៅទីនេះគឺជាទីតាំងសំខាន់ដែលមានប្រជាជនជាច្រើនមកជីករកត្បូងមានតម្លៃ ហើយត្បូងដែលសម្បូរជាងគេ មានដូចជា ត្បូងទឹកសមុទ្រ ត្បូងកញ្ចក់ ត្បូងផ្កាថ្ម ត្បូងមីសិល និង ត្បូងឃ្មុំជាដើម ប៉ុន្តែបច្ចុប្បន្នត្បូងនៅកន្លែងដែលប្រជាជនកំពុងលេងទឹកយ៉ាងសប្បាយបានខ្សត់ខ្សោយហើយ។
នៅទីនោះ ប្រិយមិត្តអាចកម្សាន្តសប្បាយនឹងទឹកជ្រោះធ្លាក់ពីលើភ្នំ សម្បូរព្រៃឈើ តូច-ធំ អមដោយថ្មដា អាចស្វែងយល់ពីត្បូងមានតម្លៃនៅទឹកជ្រោះផ្អោក ព្រមទាំងពិសារអាហារ ជាពិសេសបាញ់ឆែវដែលមានរសជាតិឆ្ងាញ់ពិសារនៅទីនោះ៕
ប្រភព ៖ រដ្ឋបាលខេត្តតាកែវ