ឃ្យូតណាស់! កូនផ្សោតកើតថ្មីទី ៧ របស់កម្ពុជា ប្រទះឃើញកំពុងហែលទឹកលេងជាមួយហ្វូងផ្សោតធំ
កាលពីពេលថ្មីៗកន្លងទៅ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានប្រកាសឱ្យដឹងថា ក្នុងអន្លង់ត្បូងខ្លា ខេត្តស្ទឹងត្រែង បានប្រទះឃើញកូនផ្សោតថ្មីមួយក្បាល ដែលមានអាយុ ២០ ថ្ងៃកំពុងហែលទឹកលេងជាមួយហ្វូងផ្សោតធំ។
យោងតាមសារបង្ហោះរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានឱ្យដឹងថា កូនផ្សោតថ្មីនេះ ត្រូវបានប្រទះឃើញនៅវេលាម៉ោង ១២ និង ២០ នាទីថ្ងៃត្រង់ ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៣ នៅក្នុងក្រុមហ្វូងសត្វផ្សោតធំ ដែលមានចំនួនប្រមាណ ៨ ក្បាល ស្ថិតនៅចំនុចកន្ទុយកោះជ្រឹម ក្នុងអន្លង់ត្បូងខ្លា ភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ត្រង់ចំណុចនិយាមការ ៤៨P: ០៦០៤៨៥៩ និង UTM: ១៤៦៣១២៦។
យ៉ាងណាមិញ កូនផ្សោតនេះដែរ គឺត្រូវបានប្រទះឃើញ ដោយក្រុមការងារស្រាវជ្រាវ និង អភិរក្សជលផលនៃរដ្ឋបាលជលផល និង អង្គការ WWF ដែលកំពុងបំពេញការងារចុះអង្កេតស្ថានភាពសត្វផ្សោតទន្លេមេគង្គ ហើយតាមការអង្កេតជាក់ស្តែងពីក្រុមការងារអស់រយៈពេលប្រមាណជា ២ ម៉ោង ឃើញថា ពុំមានចរិកបំពានណាមួយកើតឡើងពីសំណាក់សត្វផ្សោតធំមកលើកូនផ្សោតថ្មីនោះឡើយ។
គួរដឹងដែរថា កូនផ្សោត ដែលបានប្រទះឃើញថ្មីនេះគឺជាកូនផ្សោតទី ៧ ហើយ ដែលត្រូវបានកត់ត្រាក្នុងឆ្នាំ ២០២៣ នេះចាប់ពីខែមករារហូតមកទល់ពេលនេះ ហើយមានករណីកូនផ្សោតចំនួន ៣ បានស្លាប់ក្នុងឆ្នាំនេះដែរ៕
ប្រភព ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ