អ្នកគាំទ្រច្រណែនព្រាត! M.Megamind ប្រើពេល ១០ ឆ្នាំ បំពេញសន្យាយ៉ាងមានគុណភាព រៀបការប្រពន្ធដូចបំណង
លោក M.Megamind ដែលជា Content Creator កំពុងទទួលបានការគាំទ្រយ៉ាងគគ្រឹកគគ្រេងពីសំណាក់យុវវ័យសព្វថ្ងៃនេះ ជាមួយនឹងវោហារស័ព្ទកំប្លែងស្ងួត មុខថ្មឹងៗស្មើៗ រួមទាំងពាក្យពេចន៍ប្លែក រហូត ធ្វើឱ្យអ្នកគាំទ្រដាក់រហស្សនាមជាមួយពាក្យដែលលោកឧស្សាហ៍និយាយ គឺពាក្យ «គុណភាព»។
យ៉ាងណាមិញ កាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៣ កន្លងទៅ Content Creator គុណភាពមួយរូបនេះ បានបង្ហោះវីដេអូក្នុងពិធីអាពាហ៍ពិពាហ៍របស់ខ្លួន ដែលបានប្រព្រឹត្តិកាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ ព្រមទាំងភ្ជាប់ជាមួយនឹង Caption មួយម៉ាត់ថា «អាពាហ៍ពិពាហ៍គុណភាព» ដោយទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់យុវវ័យដែលគាំទ្រ Content Creator រូបនេះ។
ដោយឡែក អ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ទៅទៀតនោះ ក្នុងវីដេអូរយៈពេលជាង ៣ នាទីនេះ លោក M.Megamind ក៏បានបញ្ចូល Chat ចាស់ៗដែលលោក និង ភរិយាធ្លាប់ញ៉ែញ៉ងគ្នាដំបូងៗ កាលពីជាង ១០ ឆ្នាំមុន ជាពិសេសទៅទៀតនោះគឺកន្លែងដែលលោកបានសន្យានឹងខាងស្រីថានឹងរៀបការជាមួយរូបគេផងដែរ។
បន្ទាប់ពីបានមើលវីដេអូមួយនេះហើយ អ្នកគាំទ្រជាច្រើនបានចូលទៅអបអរសាទរព្រាត ថែមទាំងលាន់មាត់សរសើរថា លោកពិតជាថែរក្សាការសន្យាមួយនេះបានល្អ ហើយពិតជាគុណភាពដូចអ្វីដែលលោកបាននិយាយមែន៕