ហ៊ានសាកអត់? Influencer ប្រេស៊ីលល្បីម្នាក់ យកលាមកខ្លួនឯងលាបមុខ ជឿថាជួយឱ្យស្បែកស្អាតក្មេងជាងវ័យ
តារាម៉ូដែល និង ជា influencer សញ្ជាតិប្រេស៊ីលម្នាក់ឈ្មោះ Debora Peixoto កំពុងផ្ទុះការចាប់អារម្មណ៍ពាសពេញបណ្ដាញសង្គម Instagram ក្រោយរូបនាងបង្ហោះវីដេអូមួយបង្ហាញដល់អ្នកតាមដានរបស់ខ្លួន ដែលជាវីដេអូរបស់នាងប្រើប្រាស់លាមកខ្លួនឯងយកមកធ្វើជាម៉ាស់បិទមុខ ព្រោះជឿថាវាជួយឱ្យសម្រស់នាងក្មេងជាងវ័យ។
Influencer ស្រីដែលធ្លាប់ល្បីលើកមុនម្ដងរឿងយកឈាមរដូវខ្លួនឯងមកលាបលើស្បែកនោះ ឥលូវនេះបង្កការភ្ញាក់ផ្អើលជាថ្មី នៅពេលរូបនាងយកលាមកមកធ្វើម៉ាស់បិទមុខ ក្រោយនាងស្រាវជ្រាវលើអ៊ីនធឺណែតឃើញថាវាជួយកុំឱ្យឆាប់ចាស់។ តាមវីដេអូបានបង្ហាញឱ្យឃើញនាងចាប់បើកកំប៉ុងតូចមួយដែលដាក់លាមករបស់ខ្លួន រួចឆ្កឹះយកបន្តិចមកលាបលើមុខទុករយៈពេលប៉ុន្មាននាទីមុនលាងមុខចេញ ដោយចុងបញ្ចប់នៃវីដេអូ នាងបានបង្ហាញលទ្ធផលស្បែកមុខដ៏ភ្លឺថ្លារបស់នាងដាក់កាមេរ៉ាបង្ហាញអ្នកគាំទ្រ។
យ៉ាងណាមិញ វិធីសាស្ត្រថែរក្សាសម្រស់របស់ Influencer ខាងលើមិនទទួលបានការគាំទ្រពីអ្នកជំនាញនោះឡើយ ដោយវេជ្ជបណ្ឌិត Sophie Momen អ្នកជំនាញសើស្បែកប្រចាំ Cadogan Clinic នៅឡុងដុងបានថ្លែងប្រាប់សារព័ត៌មាន New York Post ថា៖ «ក្នុងចំណោមវិធីសាស្ត្រថែរក្សាសម្រស់ដែលកំពុងពេញនិយមបំផុត ខ្ញុំទើបតែឃើញមួយនេះទេដែលចម្លែកជាងគេនោះ។ គិតតាមផ្នែកវិទ្យាសាស្ត្រ វាគ្មានបានផលប្រយោជន៍អ្វីបន្តិចសោះឡើយចំពោះស្បែក ក្នុងការយកលាមកមកធ្វើជាម៉ាស់បិទមុខបែបនេះនោះ»៕
ប្រភព៖ NyPost