Q-Win លេង Trend «Temple Run» ប្លែកពីគេ មានកាត់តដាក់កាក់មាស ដូចក្នុងហ្គេមពិតៗ
ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គម Tik Tok កំពុងផ្ទុះការចាប់អារម្មណ៍នឹង Trending ថ្មីមួយ ដែលត្រូវបានអ្នកទេសចរយកត្រាប់ការលេងហ្គេម «Temple Run» មករត់នៅពិភពមនុស្សពិត។
អ្វីគួរឱ្យចាប់អារម្មណ៍មានអ្នកទេសចរចម្រុះជាតិសាសន៍ជាច្រើន បានលេង Trend «Temple Run» នៅតាមតំបន់ប្រាសាទនានានៅក្នុងប្រទេសកម្ពុជា មើលទៅពិតជាដូចនៅក្នុងហ្គេមណាស់ ដែលបណ្ដាលឱ្យមានការចាប់អារម្មណ៍កាន់តែខ្លាំងពីប្រាសាទបុរាណនានារបស់កម្ពុជាយើងទៅកាន់ពិភពលោកកាន់តែច្រើន ដែលធ្វើឱ្យ Trend «Temple Run» កំពុងចាប់ផ្តើមមានអ្នកចូលរួមលេង ជាបន្តបន្ទាប់។
ម្យ៉ាងវិញទៀត គេក៏បានឃើញអ្នកសិល្បៈ និង អ្នកផលិតមាតិកាវីដេអូមួយចំនួនបានចូលរួមលេង Trending ខាងលើប្លែកៗគ្នា ដើម្បីចូលរួមជាផ្នែកនៃការផ្សព្វផ្សាយតំបន់ប្រាសាទ និង តំបន់ទេសចរណ៍នៅក្នុងប្រទេសកម្ពុជាទៅកាន់ពិភពលោកទៀតផង។
ងាកទៅកាន់លោក Q-win អ្នកផលិតមាតិកាវីដេអូមានប្រជាប្រិយភាពមួយរូបក្នុងបណ្តាញសង្គមវិញ ក៏ត្រូវបានមហាជនចាប់អារម្មណ៍នឹងការចូលរួមលេង Trend «Temple Run» របស់លោកដែរ ដោយលោកបានថត និង រត់ដូចទៅនឹងហ្គេមពិត ដោយមានការកាត់តដាក់កាក់មាស និង ការដេញចាប់ពីបិសាច ស្រដៀងទៅនឹងក្នុងហ្គេមពិតៗ៕