Chompoo ត្រូវមហាជនរិះគន់ដូចព្យុះ ក្រោយស្លៀកឈុតមួយនេះដើរលើកម្រាលព្រំក្រហមនៅបារាំង
បើនិយាយពីកំពូលតារាក្នុងរង្វង់សិល្បៈថៃជឿជាក់ថាប្រិយមិត្តច្បាស់ជាបានស្គាល់ហើយថា Chompoo Araya គឺជាតារាសម្ដែងជួយមុខមួយរូបដែលរស់នៅក្នុងជីវិតហាយសូរបែបអភិជន និង តារាស្រីមួយរូបល្បីបំផុតខាងលេងស្ទីលតែងខ្លួនប្លែកៗលំដាប់ខ្ពស់ មិនឱ្យជាន់នរណាឡើយ។
បច្ចុប្បន្នកំពូលតារាស្រីរូបនេះមានកូនចំនួន ៣ នាក់ហើយ តែបើនិយាយពីរូបសម្រស់ ការលេងខ្លួនគឺនៅតែស្រស់ស្អាត និង ប្លែករហូត។
តួយ៉ាង កាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ កំពូលតារាស្រីកូន ៣ រូបនេះ បានចូលរួមកម្មវិធីដើរលើកម្រាលព្រំក្រហមនៃមហោស្របភាពយន្តលើកទី ៧៦ នៅប្រទេសបារាំង ដែលបានតែងខ្លួនយ៉ាងប្លែកស្រស់ស្អាតជាមួយនឹងឈុតពណ៌ក្រហមឆើត លក្ខណៈស្បៃជាខោ មកពីប្រ៊េន Jean Paul Gautier និង គ្រឿងអលង្ការលំអខ្លួនយ៉ាងមានតម្លៃមកពីប្រ៊េន Bvlgari ។
ទន្ទឹមនឹងមានការតែងខ្លួនដូចនោះ ងាកទៅមើលមហាជនថៃវិញស្រាប់តែផ្ទុះការរិះគន់ថា Chompoo ស្លៀកឈុតមិនស្រស់ស្អាត បានធ្វើឱ្យបាត់សម្រស់ ពោលមានន័យថាឈុតដែលនាងស្លៀកហាក់មិនបានជួយលើកសម្រស់នាងឡើយ។ មិនតែប៉ុណ្ណោះ មានមតិមហាជនមួយចំនួនយល់ថា Chompoo រើសឈុតលើកនេះខុស ហាក់មិនសមនឹងរូបរាងនាងឡើយ មើលទៅឈុតនោះ មិនស័ក្តិសមនឹងកម្មវិធីជាដើម៕