និយាយអង់គ្លេសឡូយខ្លាំង តាមពិតប្រុសស្អាត Summer មានប្រវត្តិសិក្សាចេញពីសាលាល្បីមួយក្នុងស្រុកខ្មែរ
មួយរយៈចុងក្រោយ ពិធីករ Summer ទទួលបានការងារកម្មវិធីធំៗជាច្រើន ជាក់ស្តែងដូច ថ្មីៗនេះ លោកបានធ្វើជាពិធីករក្នុងកម្មវិធី Miss Grand Cambodia 2024 ដោយនិយាយជាភាសាខ្មែរផង និង ភាសាអង់គ្លេសផង មើលមកមានលក្ខណៈ Professional ឬអាជីពបំផុត។ ជាពិធីករវ័យក្មេង តែបើនិយាយពីបទពិសោធ និង ប្រជាប្រិយភាពគឺមិនឱ្យចាញ់រៀមច្បងឡើយ។ ជាពិសេស ជាមួយការនិយាយភាសាអង់គ្លេសលើកដាក់ថែមថយយ៉ាងស្ទាត់ជំនាញ បានធ្វើឱ្យ Summer កាន់តែមានទីផ្សារពីបណ្តាកម្មវិធីអន្តរជាតិ។
ជាការពិតណាស់ ការនិយាយភាសាអង់គ្លេសបានល្អដូចនេះ ពិធីករ Summer បានសិក្សារៀនសូត្រដល់ថ្នាក់បរិញ្ញាបត្រផងដែរ។ តួយ៉ាង ចំពោះកម្រិតវប្បធម៌ Summer បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអប់រំ (ភាសាអង់គ្លេស) ពីវិទ្យាស្ថានភាសាបរទេស IFL នៅឆ្នាំ ២០១៥ និង បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែករដ្ឋបាលធុរកិច្ចនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានៅឆ្នាំ ២០១៧។
បោះជំហានលើវិថីសិល្បៈប្រមាណ ៧ ឆ្នាំ ពិធីករកម្ពស់ ១,៧៣ ម៉ែត្រ រូបនេះបានប្រាប់ពីបទពិសោធរបស់ខ្លួនថា ៖ «អាជីពពិធីករបានបង្រៀនខ្ញុំច្រើនពីអ្វីដែលគួរ និង មិនគួរនិយាយ វាបានឱ្យខ្ញុំចេះរៀបចំអត្តចរិតបត់បែនទៅតាមកម្មវិធីតូចធំឬផ្លូវការ។ លើសពីនេះវាបង្រៀនខ្ញុំឱ្យស្គាល់មនុស្សច្រើនប្រភេទ អ្នកខ្លះយើងមិនស្គាល់សោះ តែអាចមានឱកាសបានរួមការងារជាមួយគ្នា។ ការស្គាល់គ្នានេះហើយដែលនឹងធ្វើឱ្យយើងមានឱកាសកាន់តែច្រើនផងដែរ។ ខ្ញុំពិតជាសប្បាយចិត្តដែលខ្ញុំបានយកភាសាដែលបានរៀនមកប្រើប្រាស់នៅក្នុងអាជីពរបស់ខ្ញុំ ហើយថែមទាំងអាចរកចំណូលពីវាបានទៀតផង»៕