Elon Musk អាចក្លាយជាបុគ្គលដំបូងលើលោក មានទ្រព្យសម្បត្តិទ្រីលានដុល្លារត្រឹមឆ្នាំ ២០២៧
បើតាមរបាយការណ៍មួយនាពេលថ្មីៗនេះ បានលើកឡើងថាមហាសេដ្ឋី Elon Musk អាចនឹងក្លាយជាបុគ្គលដំបូងគេលើពិភពលោកដែលមានទ្រព្យសម្បត្តិដល់ខ្ទង់ទ្រីលានដុល្លារត្រឹមឆ្នាំ ២០២៧ ខាងមុខនេះ។
បើតាមការស្រាវជ្រាវពី Informa Connect Academy ទ្រព្យសម្បត្តិរបស់មហាសេដ្ឋី Elon Musk គឺកើនឡើងក្នុងអត្រា ១០៩.៨៨ ភាគរយ ដោយនេះមានន័យថាវាកើនឡើងលើសទ្វេដងទៅទៀតពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រសិនបើអត្រានេះនៅតែបន្តរក្សាក្នុងរយៈពេលប៉ុន្មានឆ្នាំទៅមុខទៀតនោះ មិនយូរនោះទេលោក Elon Musk នឹងទទួលបានភាពជោគជ័យធំបំផុតមួយទៀតក្នុងនាមជាបុគ្គលល្បីម្នាក់មានទ្រព្យសម្បត្តិរហូតដល់ខ្ទង់ទ្រីលានដុល្លារ។
ជាមួយគ្នានោះដែរ ក្រៅពីលោក Elon Musk របាយការណ៍ដដែលខាងលើក៏បានព្យាករណ៍ដែរថាមហាសេដ្ឋីជំនួញឥណ្ឌា Gautam Adani ក៏អាចនឹងឡើងក្នុងតារាងជាមួយគ្នាជាមហាសេដ្ឋីប្រាក់ទ្រីលានដែរក្នុងឆ្នាំ ២០២៨ ខាងមុខ ប្រសិនបើទ្រព្យសម្បត្តិរបស់លោកនៅបន្តកើនឡើងក្នុងអត្រា ១២២.៨៦ ភាគរយក្នុងមួយឆ្នាំនោះ។
គួរបញ្ជាក់ថា មហាសេដ្ឋី Elon Musk ជាបុគ្គលជោគជ័យម្នាក់ដែលមានជំនួញក្នុងដៃជាច្រើនរួមមានក្រុមហ៊ុនអវកាស (Space X) កម្មវិធីបណ្ដាញសង្គម (X) និង ក្រុមហ៊ុនផលិតរថយន្ត។ ក្រៅពីនេះ លោកក៏មានក្រុមហ៊ុនផលិតឈីបខួរក្បាល (Neuralink) ដែលជាបច្ចេកវិទ្យាទំនើបជួយឱ្យមនុស្សអាចគ្រប់គ្រងកុំព្យូទ័របានដោយត្រឹមតែប្រើប្រាស់ខួរក្បាលគិត៕
ប្រភព៖ Ladbible