ធ្លាប់ឆ្ងល់ឬអត់ ហេតុអ្វីឱ្យតែក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរម្តងៗ គេតែងលេង «របាំត្រុដិ»?
ការហែរបាំត្រុដិ ក្នុងរដូវបុណ្យចូលឆ្នាំថ្មីរបស់ប្រជាជនខ្មែរ ត្រូវបានគេកត់សម្គាល់ឃើញថាមិនខុសអ្វីពីជនជាតិចិនទេ ដែលគេតែងហែម៉ុងសាយនៅរដូវបុណ្យចូលឆ្នាំថ្មីមកដល់ ដោយជំនឿថាដើម្បីដេញឧបទ្រពចង្រៃនៃឆ្នាំចាស់ចេញទៅ ហើយនាំយកនូវសិរីសួស្តីសម្រាប់ឆ្នាំថ្មីចូលមកវិញ។
ចំពោះ របាំត្រុដិ គឺជាកេរដំណែលវប្បធម៌មន-ខ្មែរ ដែលជនជាតិខ្មែរព្រៃភ្នំ ដូចជាពួកសម្រែ, សួយ និង ព័រ ជាដើម ព្រមទាំងជនជាតិខ្មែរ នៅខេត្តស៊ីសាកេត សុរិន្ទ្រ សៀមរាប ពោធិ៍សាត់ បាត់ដំបង និងប្រជាពលរដ្ឋមួយចំនួនទៀត នៅខេត្តផ្សេងៗ ពិសេសក្រសួង ស្ថាប័នទាំងរដ្ឋ និង ឯកជនភាគច្រើន តែងតែប្រារព្ធក្នុងពេលចូលឆ្នាំខ្មែរ ឬក្នុងពេលដែលសត្វព្រៃ រត់ចូលស្រុកភូមិជាដើម។ តាមការពិត របាំត្រុដិនេះ គឺជាបុណ្យឆ្លងពីឆ្នាំចាស់ចូលឆ្នាំថ្មី ពីភាពឧបទ្រពចង្រៃទៅភាព សម្បូរសប្បាយផង។
ពាក្យ ត្រុដិ សំដៅដល់ពេលដែល ឆ្នាំចាស់ដាច់ដើម្បីត្រាច់ ផ្លាស់ចូលឆ្នាំថ្មី។ តាមអត្ថន័យនេះ របាំត្រុដិដែលត្រូវបានប្រារព្ធធ្វើនោះ គឺត្រូវកំណត់ដំណើរកាត់ផ្តាច់ នៃឆ្នាំនីមួយៗក្នុងទស្សនៈរបស់ជនជាតិខ្មែរ ដែលបានរស់នៅខ្ពង់រាប និង វាលទំនាប។ ដូច្នេះហើយក្នុងពិធីបុណ្យឆ្លងនេះ គេប្រសិទ្ធពរជ័យសព្ទសាធុការ សម្រាប់ឆ្នាំថ្មី ដែលចូលមកដល់ដោយសេចក្តីសប្បាយរីករាយ។ ក្នុងន័យដដែលនេះគេមានជំនឿថាការដែលគេមិនបានប្រារព្ធពីធីបុណ្យឆ្លង ឬ ការមិនចូលរួមអបអរសាទរនូវរបាំនេះដោយប្រការណាមួយ អាចនាំមកនូវរាល់អំពើទុក្ខសោកពុំខាន ។ នេះជាអត្ថន័យទី១នៃរបាំត្រុដិ។
រីឯ អត្ថន័យទី ២ ក៏មានលក្ខណៈប្រហាក់ប្រហែលនឹងនេះដែរពោលគឺគេរាំរបាំត្រុដិពេលដែលមានសត្វព្រៃដូចជា ត្រកួត ប្រើស ឈ្លួស ពស់…ចូលក្នុងភូមិ តាមពិតគេធ្វើឡើងក៏ដើម្បីផ្តាច់ចេញ (បណ្តេញ) ពីស្រុកភូមិនូវរាល់ឧបទ្រពចង្រៃដែរហើយពិធីនេះមានឈ្មោះថា ពិធីឡើងភូមិ ឬពីធីរាំឡើងភូមិ ។
របាំត្រុដិគឺជារបាំដ៏មានប្រជាប្រិយភាពគួរឱ្យកត់សម្គាល់ក្នុងចំណោមរបាំប្រពៃណីខ្មែរ ហើយតាមជំនឿគេលេងរបាំត្រុដិដើម្បីបណ្តេញឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងនាំមកនូវភាពសម្បូរសប្បាយប្រកបដោយសុភមង្គលសម្រាប់ឆ្នាំថ្មី ។ ជាទូទៅការសម្តែងរបាំត្រុដិនេះច្រើនធ្វើឡើងនៅថ្ងៃឆ្លងឆ្នាំ ព្រោះពាក្យ «ត្រុដិ» នេះគឺសំដៅដល់ពេលដែល «ឆ្នាំចាស់ដាច់ដើម្បីត្រាច់ចូលឆ្នាំថ្មី» ហើយអ្វីដែលជាជំនឿដែរនោះគឺប្រសិនបើយើងមិនបានប្រារព្ធពិធីបុណ្យឆ្លងឬមិនចូលរួមអបអរសាទរជាមួយរបាំនេះ ដោយប្រការណាមួយអាចនាំមកនូវអំពើទុក្ខសោកជាក់ជាមិនខាន ។
ការរាំរបាំត្រុដិនាពេលចូលឆ្នាំថ្មី គឺគេកំណត់យកដំណើរផ្តាច់ឆ្នាំនីមួយៗដើម្បីដេញឧបទ្រពចង្រៃដែលកើតមានក្នុងឆ្នាំចាស់ ហើយនិងប្រសិទ្ធពរសព្ទសាធុការក្នុងឱកាសឆ្នាំថ្មីវិញ ។ តាមរយៈការសម្តែងគឺប្រជាពលរដ្ឋយើងតែងតែមានសេចក្តីសប្បាយរីករាយណាស់ព្រោះអ្នករាំរបាំត្រុដិបានចូលទៅដល់មុខផ្ទះឬក្នុងភូមិក្នុងពេលដែលពួកគាត់មានជំនឿប្រកបដោយក្តីសង្ឃឹមថាក្នុងឆ្នាំថ្មីនេះសុភមង្គលលាភសក្ការៈ នឹងកើតមានក្នុងក្រុមគ្រួសារឬភូមិស្រុករបស់គាត់មិនខាន ។ ផ្ទុយទៅវិញ ប្រសិនបើក្រុមរបាំត្រុដិមិនបានចូលលេងក្នុងផ្ទះឬភូមិទេនោះគេនឹងរត់ទៅជម្រាបឬស្នើឱ្យមកសម្តែងនៅមុខផ្ទះឬក្នុងភូមិរបស់គេឱ្យខាងតែបាន ។
ជាទូទៅគេសម្តែងរបាំត្រុដិនេះពាសពេញភូមិតែម្តង ប្រសិនបើជាមានសត្វព្រៃរត់ចូលភូមិស្រុករបស់គេ ព្រោះគេមានជំនឿថា ពេលណាមានសត្វព្រៃដូចជាឈ្លូស ប្រើស រមាំង ជាដើម រត់ចូលភូមិក្នុងករណីណាក៏ដោយ ពួកគេនឹងចាត់ទុកថានោះគឺជាអព្ភូតហូតហេតុអាក្រក់ឬចង្រៃ ហើយត្រូវអញ្ជើញក្រុមរបាំត្រុដិមកលេងដើម្បីបណ្តេញភាពចង្រៃនោះចេញ ។ ប៉ុន្តែប្រសិនបើគេចាប់បានពពួកសត្វព្រៃនោះវិញ គឺគេយកវាទៅលាបប្រេងម្សៅ ហើយធ្វើពិធីលែងឱ្យមានសេរីភាពវិញ ដោយបួងសួងសុំសេចក្តីសុខសប្បាយប្រជាពលរដ្ឋក្នុងភូមិ ស្រុក ពេលដែលគេមានជំនឿថា សត្វព្រៃទាំងនោះបានមករំដោះគ្រោះមហន្តរាយដល់ពួកគេ ។
ចំពោះការសម្តែងរបាំត្រុដិវិញគឺមានការតុបតែងខ្លួនជាលក្ខណៈសាមញ្ញប៉ុណ្ណោះ ហើយគេដើរដង្ហែជាក្បួនទៅមុខ ដោយមានអ្នកកាន់ដងចន្ទោលដែលមានការចងកំណាត់លម្អ និងមានសិល្បករម្នាក់ជាអ្នករាំនាំផ្លូវផង ។ តាមអ្វីដែលយើងបានឃើញពិធីរាំនោះ គឺមើលទៅហាក់ដូចជាអ្នករាំ ឬអ្នកហែទាំងនោះកំពុងតែជិះលើរទេះមួយដូច្នេះដែរ។ ចំណែកនៅខាងចុងនៃដងចន្ទោលនោះ មានចងកូនថង់មួសម្រាប់ជាការរៃអង្គាសប្រាក់ ហើយអ្នកផ្ទះឬអ្នកភូមិ ដែលមកឈរមើលការរាំរបាំត្រុដិនិងមានសទ្ធាជ្រះថ្លា ពួកគេនឹងដាក់ប្រាក់ក្នុងថង់នោះ ព្រោះគេមានជំនឿថាបុណ្យកុសលដែលបានដាក់ទាននាពេលនេះ នឹងបានចម្លងគ្រោះកាចចង្រៃនៃឆ្នាំចាស់ទៅអស់ ហើយចូលឆ្នាំថ្មីសិរីសួស្តីសុភមង្គល នឹងមកដល់ ។
ពាក់ព័ន្ធនឹងសិល្បករ-សិល្បការិនី ដែលសម្តែងក្នុងរបាំត្រុដិនេះ គឺមានតួអង្គសត្វប្រើសដែលមានមនុស្សពាក់ក្បាលប្រើស ហើយធ្វើកាយវិការរត់ឆ្លេឆ្លាក្នុងវង់របាំគេចចេញពីព្រានព្រៃម្នាក់ដែលមានកាន់ស្នា ស្ពាយបំពង់ព្រួញដើរតម្រង់និងតាមរកប្រើសដែលជាសត្វតំណាងឱ្យគ្រោះចង្រៃដែលគេត្រូវបាញ់សម្លាប់និងផ្តាច់គ្រោះចេញឱ្យបាន ។ ការធ្វើបែបនោះគឺមានន័យថា គេបានបណ្តេញគ្រោះឧបទ្រពចង្រៃបានហើយ ។ ក្រៅពីតួសត្វប្រើសនិងតួព្រានព្រៃ ក៏មានតួយក្សពីរនាក់ តួស្រីព្រាយក្រចកវែងពីរនាក់ តួសត្វក្ងោកពីរនាក់ ដែលស្លៀកពាក់តាមប្រពៃណីខ្មែរធម្មតា និងមានកាន់កន្ទុយក្ងោកពីរ ជានិមិត្តសញ្ញាផងដែរ ។
ជាធម្មតា ក្នុងពេលរាំនៅមុខផ្ទះអ្នកណាម្នាក់តួទាំង ៦ នាក់ ត្រូវសម្តែងនូវក្បាច់របាំត្រុដិ និងបង្ហាញពីគោលបំណងជួយដេញស្ទាក់ប្រើសឱ្យចូលក្នុងគន្លងព្រានដើម្បីជួយព្រានឱ្យដេញបាញ់ប្រើសឱ្យបាន ។ ក្រៅពីនោះ ក៏នៅមានតួអ្នកកាន់កញ្ឆែចាប់ពី ២ ទៅ ៦ នាក់ ជាអ្នកគោះបុកជា ចង្វាក់លម្អវង់របាំ និងតំណាងឱ្យព្រៃព្រឹក្សា អារុក្ខ អារក្ស ទេវតា អ្នកតាដែលជួយជ្រោមជ្រែងជួយព័ទ្ធខ្ទប់ស្ទាក់ប្រើសឱ្យព្រានព្រៃបាញ់ដូចគ្នា ។ ទន្ទឹមនោះ របាំត្រុដិក៏មានក្រុមតន្ត្រីករ អ្នកកាន់ស្គរ ទ្រសោ ទ្រអ៊ូ ប៉ី និងអ្នកច្រៀងមួយចំនួនទៀត ។ ចំណែកអាចារ្យដែលស្លៀកសពាក់សបាំងឆ័ត្រម្នាក់ ក៏មានភារកិច្ចដើរតាមវង់របាំ និងត្រួតពិនិត្យមើលបច្ច័យដែលរៃអង្គាសបានដើម្បីឱ្យប្រាកដថា ប្រាក់ដែលទទួលបានទាំងអស់នោះមិនត្រូវយកទៅចាយផ្តេសផ្តាសទេ គឺយកទៅសម្រាប់ជាកុសលក្នុងវត្តអារាមប៉ុណ្ណោះ។
ពេលដែលសម្តែងចប់ម្តងៗ ក្រុមរបាំត្រូវច្រៀងជម្រាបលាម្ចាស់ផ្ទះ ហើយម្ចាស់ផ្ទះក៏បានយកទឹកមកប្រោះព្រំជូនពរដល់ក្រុមរបាំទាំងអស់នោះវិញដែរ ។ ប៉ុន្តែបើយើងមិនធ្វើតាមរបៀបនេះទេគឺជាប្រការខុសឆ្គងមួយដែរ ដែលគេមានជំនឿថាក្នុងឆ្នាំខាងមុខអ្នកនោះនឹងមិនទទួលបានសិរីសួស្តីឡើយ ។ ខាងលើនេះ ជាពិធីនៃរបាំត្រុដិដែលជារបាំប្រពៃណីខ្មែរយើង ។ វត្តមានរបស់តួអង្គនៃរបាំត្រុដិ មានការបែងចែកនូវសភាវៈល្អ និងសភាវៈអាក្រក់ និងបង្ហាញនូវលក្ខណៈពិសេសនៃរបាំត្រុដិ ។ របាំនេះផងដែរ គឺមានអត្ថន័យផ្តល់នូវផលប្រយោជន៍ សុភមង្គលដល់មនុស្សគ្រប់រូប និងបណ្តេញឧបទ្រពចង្រៃចេញពីផ្ទះ ពីភូមិស្រុករបស់បងប្អូនប្រជាពលរដ្ឋយើងផងដែរ ។ ម្យ៉ាងទៀត លក្ខណៈពិសិដ្ឋបំផុតរបស់របាំត្រុដិគឺជំនឿលើបុព្វការីជន ក្រោមរូបភាពសត្វប្រើស ឬក្ងោកដែលឆ្លុះបញ្ចាំងនូវការឯកភាពផ្នែកជំនឿសាសនា៕
Picture to the right owner