![កូនស្រី យ៉ែម សំអូន និង យ៉ាន លីនដា ទម្លាយពាក្យក្នុងចិត្តទាំងរំជួល ពេលឪពុកម្ដាយវិលមកជួបជុំគ្នាវិញ](https://www.popular.com.kh/wp-content/uploads/2024/06/BeBe-10-06-24-02.jpg)
កូនស្រី យ៉ែម សំអូន និង យ៉ាន លីនដា ទម្លាយពាក្យក្នុងចិត្តទាំងរំជួល ពេលឪពុកម្ដាយវិលមកជួបជុំគ្នាវិញ
មួយរយៈធំមកហើយ ដែលប្ដីប្រពន្ធតារាចម្រៀង យ៉ែម សំអូន និង អ្នកនាង យ៉ាន លីនដា សម្រេចចិត្តវិលមករួមរស់ជាប្ដីប្រពន្ធវិញ បន្ទាប់ពីពួកគេទាំងពីរបានលះលែងគ្នាអស់រយៈពេលជាច្រើនឆ្នាំ ដោយកាលនោះ ខាងអ្នកនាង យ៉ាន លីនដា បាននាំកូនស្រីទៅរស់នៅទឹកដីអូស្រ្តាលី ចំណែកឯលោក យ៉ែម សំអូន ក៏បន្តដំណើរជីវិតលើវិថីសិល្បៈរហូតមកដល់បច្ចុប្បន្ន។
ទោះបីជាកន្លងមក មានរឿងរ៉ាវជាច្រើនបានកើតឡើងរវាងទំនាក់ទំនងប្ដីប្រពន្ធរបស់តារាទាំងពីរ ប៉ុន្ដែកន្លងផុតច្រើនឆ្នាំ អ្នកទាំងពីរនៅតែមិនអាចកាត់ផ្ដាច់និស្ស័យប្ដីប្រពន្ធបាន ហើយថែមទាំងមានចំណងដៃកូនស្រីដ៏គួរឱ្យស្រឡាញ់ត្រូវមើលថែ ផ្ដល់ភាពកក់ក្ដៅឱ្យទៀតនោះ ពួកគេក៏វិលមកជានាគ្នាវិញ។
នៅថ្ងៃទី ១០ មិថុនា នេះដែរ គឺជាថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍រយៈពេល ២៤ ឆ្នាំរវាងប្ដីប្រពន្ធអ្នកសិល្បៈទាំងពីរ ក្នុងនោះលោក យ៉ែម សំអូន បានបង្ហោះសាររៀបរាប់នូវពាក្យសម្ដីជាច្រើនទៅកាន់អ្នកនាង យ៉ាន លីនដា ដើម្បីអបអរនូវថ្ងៃខួបរៀបការជាមួយភរិយាសំណព្វចិត្ត ដោយមានបង្គប់នូវខ្លឹមសារគួរឱ្យរំភើបក្រៃលេងសម្រាប់ជីវិតគ្រួសារ។
ងាកមកកូនស្រីតែម្នាក់គត់របស់ពួកគេទាំងពីរវិញ មានសេចក្ដីត្រេកអរជាខ្លាំងតែឪពុកម្ដាយវិលមកត្រូវគ្នាវិញ ព្រោះកន្លងមក នាងបានឆ្លងកាត់ការឈឺចាប់នៃការបែកបាក់គ្រួសារច្រើនមកហើយ។ ដោយក្ដីរំភើបចិត្ត កញ្ញា សំអូន វិថាណា បានរៀបរាប់ក្នុងន័យថា ៖ «រីករាយថ្ងៃគម្រប់ខួបប៉ា និង ម៉ាក់ ទោះបីជាមានរឿងជាច្រើនបានកើតឡើងក៏ដោយ កូនគ្រាន់តែត្រេកអរខ្លាំងសម្រាប់ពួកគាត់បានជួបជុំគ្នាវិញ ស្រឡាញ់អ្នកទាំងពីរ»៕